អាជ្ញាធរមីនកម្ពុជា ៖ ថៃ យកបញ្ហាមីនធ្វើនយោបាយ ដើម្បីជាលេសប្រើកម្លាំងយោធាឈ្លានពានកម្ពុជា

ភ្នំពេញ ៖ អាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា ភាគីថៃ យកបញ្ហាមីនធ្វើនយោបាយ ចោទប្រកាន់ម្តងហើយម្តងទៀត ដើម្បីជាលេសប្រើកម្លាំងយោធា ឈ្លានពានកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា អាជ្ញាធរកម្ពុជា បានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់អ្នកនាំពាក្យកងទ័ពថៃថា «កម្ពុជាបង្កប់មីនថ្មី ធ្វើឱ្យទាហានថៃជាន់បណ្តាលឱ្យរបួសជាបន្តបន្ទាប់ ចំនួន ៤លើក។ ជាមួយគ្នានេះ ថៃ បានចោទប្រកាន់ថា «កម្ពុជា រំលោភលើមាត្រា១ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)»។
ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា ដែលបច្ចុប្បន្នមាន ១៦៥ប្រទេសជារដ្ឋភាគី កម្ពុជា ត្រូវបានទទួលស្គាល់ ជាអន្តរជាតិចំពោះសមិទ្ធផល នៃការបោសសម្អាតដ៏ច្រើនលើសលុប ។ ជារឿយៗកងទ័ពថៃ តែង ចោទប្រកាន់កម្ពុជាដោយមិនបានផ្តល់ភស្តុតាងជាក់លាក់ ឬរបាយការណ៍ នៃការស៊ើបអង្កេតពិតប្រាកដនោះឡើយ។ ឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិត និងគ្មានមូលដ្ឋានរបស់ថៃ អាជ្ញាធរមីន បានផ្ញើរលិខិតផ្លូវការជូនប្រធាន អនុសញ្ញាអូតាវ៉ា ដើម្បីជម្រាបពីសាវតា និងប្រវត្តិដែលថៃតែងចិញ្ចឹមចិត្តឈ្លានពានកម្ពុជាដោយប្រើរូបភាព ថាកម្ពុជាដាក់មីនថ្មី។
អាជ្ញាធរមីន បានគូសបញ្ជាក់ថា « ថៃបានយកបញ្ហាមីនធ្វើនយោបាយ ចោទប្រកាន់ម្តងហើយម្តងទៀត ដើម្បីជាលេសប្រើកម្លាំងយោធា ឈ្លានពានកម្ពុជា។ ក្នុងឆ្នាំ ២០០៨ ថៃបានចោទប្រកាន់ស្រដៀងគ្នាអំពីការដាក់មីនថ្មី ដែលការចោទ នេះគឺគ្មានភស្តុតាងច្បាស់លាស់។ ទាំងនេះ គឺជាយុទ្ធសាស្ត្រដែលថៃប្រើប្រាស់ ដើម្បីបង្កឱ្យស្ថានភាព មានភាពតានតឹងនិងឈានទៅប្រើកម្លាំងប្រដាប់អាវុធ»៕


