ជប៉ុន ផ្តល់ហិរញ្ញប្បទានឥត សំណងដល់កម្ពុជា ដើម្បីគាំទ្រCMAC ក្នុងការកសាងសារ មន្ទីរតេជោសន្តិភាព

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥត សំណងជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC ក្នុងការកសាងសារមន្ទីរតេជោសន្តិភាព បន្ទាប់ពីបានមើលឃើញ រាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែង ក្នុងវិស័យមីន។

តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល កម្ចាត់មីនកម្ពុជា បានឱ្យដឹងថា ក្នុងដើមខែសីហានេះ ក្រុមការងារ JICA ពីក្រុងតូក្យូបានចុះមកត្រួត ពិនិត្យវាយតម្លៃវឌ្ឍនភាព និង គុណភាពនៃការសាង សង់សារមន្ទីរតេជោសន្តិភាព ដែលត្រូវប្រើប្រាស់ ពេលវេលាសាងសង់រយៈពេល ២៤ខែ និងត្រៀមបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៦។

លោក អគ្គនាយក បានបញ្ជាក់ថា «ដោយមើលឃើញភាពជាក់ស្តែង នៃការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យមីននេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណង ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រអង្គភាព CMAC ក្នុងការកសាងសារមន្ទីរតេជោសន្តិភាព ដែលមានអាគារមេ នៃសារមន្ទីរតេជោសន្តិភាពនេះ ជារាងគ្រាប់មីនPMN-2 ធំគេនៅលើពិភពលោក ដើម្បីបញ្ជាក់ច្បាស់ពីជោគជ័យ និងការប្តេជ្ញាចិត្ត នៃការអនុវត្តអនុសញ្ញាមីន អន្តរជាតិOttawaនៅកម្ពុជា»៕

