ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ ចុះ MoU បង្កើតចំណង សម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ជាមិត្តភាពឱ្យកាន់តែជិតស្និទ្ធ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតចំណង សម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹង ចំណងមិត្តភាព បង្កើតកិច្ចសហប្រតិបត្តិការ ជាមិត្តភាពឱ្យកាន់តែជិត ស្និទ្ធទៅវិញទៅមក ។

ពិធីនេះចុះហត្ថលេខា នាពេលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមាននិងជាសាក្សីដ៏ខ្ពង់ខ្ពស់ពី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ នៅសាលារាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនេះ លោក នួន ផារ័ត្ន ក្នុងនាមធ្លាប់ជាអតីតអភិបាល រងរាជធានីភ្នំពេញ រយៈពេល៧ឆ្នាំដែលនោះ បានថ្លែងអំណរគុណ ចំពោះការបណ្តុះបណ្តាសមត្ថភាព ថ្នាក់ក្រោមជាតិ របស់លោក ឃួង ស្រេង រហូតធ្វើឱ្យរាជរដ្ឋាភិបាល ជឿទុកចិត្ត និងតែងតាំងជាអភិបាលខេត្តកំពង់ធំ ហើយនាពេលនេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាល រាជធានីភ្នំពេញ នាពេលនេះថែមទៀត។

ជាមួយគ្នានេះ លោក នួន ផារ័ត្ន បានបញ្ជាក់ថា ខេត្តកំពង់ធំ ជាខេត្តមួយពឹង ផ្អែកលើកសិកម្ម មានផ្ទៃដីធំជាងភ្នំពេញ ប្រមាណ២០ដង មានប្រជាជនប្រមាណ៩០ម៉ឺននាក់ ដែលមានផ្ទៃដីសំរាប់បង្កបង្កើនផល ចំនួន៣០ម៉ឺនហិកតា ក្នុងនោះស្វាយចន្ទីមានផ្ទៃដី១៥ម៉ឺនហិកតា ដីធ្វើស្រូវ៥ម៉ឺនហិកតា និងកៅស៊ូចំនួន១៥ហិកតា។ ការចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ឱកាសឱ្យខេត្តកំពង់ធំ រៀនសូត្របានកាន់តែច្រើន ក្នុងការអភិវឌ្ឍខេត្តកំពង់ធំ ឱ្យកាន់តែរីកចំរើនបន្ថែមទៀត។

ថ្លែងក្នុងឱកាសនោះដែល លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយខេត្តកំពុងធំនេះ វានឹងជួយកសាងបរិយាកាសអំណោយផល និងជំរុញដល់ការអភិវឌ្ឍ និងវិបុលភាព លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខភាព ដឹកជញ្ជូនសាធារណៈ ការពារបរិស្ថាន ផែនការ អភិវឌ្ឍទីក្រុងវៃឆ្លាត ទេសចរណ៍ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

បន្ថែមលើនេះ លោក ឃួង ស្រេង បញ្ជាក់ទៀតថា ខេត្តកំពុងធំ ជាខេត្តទី២ ដែលបានចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយរាជធានីភ្នំពេញ បន្ទាប់ពីខេត្តព្រះវិហារ។ ដោយសារខេត្តកំពង់ធំ នៅមិនឆ្ងាយពី រាជធានីភ្នំពេញ ហើយជាខេត្តដែលពឹងផ្អែកលើកសិកម្ម ជា«ខេត្តអធិរាជស្វោយចន្ទី » លោក ឃួង ស្រេង បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិសេស ទីចាត់ការវិនិយោគ ជួយកៀងគរអ្នកវិនិយោគ ឱ្យបានច្រើនទៅវិនិយោគ នៅខេត្តមួយនេះ។ ត្រូវស្វាគមន៍អ្នកវិនិយោគព្រមៗគ្នា ដើម្បីឱ្យប្រទេសកម្ពុជា មានចំណូលកាន់តែច្រើន៕

To Top