ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ អំពាវនាវ ដល់ម្ចាស់អាជីវកម្មកន្លែងស្នាក់នៅ និងម្ហូបអាហារ កុំឡើងថ្លៃសេវាកម្ម ចំពោះអនុរក្ស និងសិស្សានុសិស្ស ពេលប្រឡងបាក់ឌុប

" "

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានធ្វើការអំពាវនាវ ដល់ប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មស្នាក់នៅ, សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន អ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល និងកុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួនចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ។

យោងតាមក្រសួងទេសចរណ៍ តាមរយៈសេចក្តីអំពាវនាវ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស។

" "

ក្នុងនោះ អនុរក្ស និងសិស្សានុសិស្ស អាចចាំបាច់ត្រូវបន្លាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលនៅឆ្ងាយពីទីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡង។

" "

អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍ សូមធ្វើការអំពាវនាវដល់ ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ ទាំងអស់ ជាពិសេសអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន អ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល និងកុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួន ចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។

ក្រសួងទេសចរណ៍ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត ចូលរួមសហការ និងអនុវត្តតាម សេចក្តីអំពាវនាវខាងលើ ឱ្យបានល្អប្រកបដោយការយោគយល់ខ្ពស់៕

To Top