ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ កម្ពុជា អត់ធ្មត់ខ្លាំងបំផុត លើសមរភូមិយោធា ប៉ុន្តែសកម្មខ្លាំង លើសមរភូមិការទូត

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ​ពាក់ព័ន្ធនឹងសកម្មភាពរំលោភបំពាន ពីសំណាក់ភាគីថៃ ក្នុងអំឡុងពេលបទឈប់បាញ់ កម្ពុជា មានភាពអត់ធ្មត់យ៉ាងខ្លាំងបំផុត នៅលើសមរភូមិយោធា ប៉ុន្តែកម្ពុជា សកម្មខ្លាំងនៅលើសមរភូមិការទូត ។

ការលើកឡើងរបស់ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ

ក្នុងនោះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ដំណាក់កាលនេះ គឺជាដំណាក់កាលនៃការអនុវត្ត ព្រមព្រៀងឈប់បាញ់ ។ កម្ពុជា គឺបានអត់ធ្មត់ខ្ពស់បំផុត ដើម្បីបង្ហាញសុឆន្ទៈរបស់ខ្លួន ក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់នេះ ឱ្យមានប្រសិទ្ធភាព នៅចំពោះមុខសកម្មភាពបង្កហេតុនានា ។

ក្នុងនោះ លោកអ្នកនាំពាក្យ មានប្រសាសន៍ថា “ការអត់ធ្មត់នេះ មិនមែនមានន័យថា កម្ពុជា ទុកឱ្យភាគីថៃ បំពានដោយមិនតវ៉ានោះទេ កម្ពុជា តវ៉ាខ្លាំងក្លា តាមមធ្យោបាយការទូត ហើយរាល់ការរំលោភបំពានទាំងអស់នោះ ត្រូវបានកត់ត្រា និងចងក្រងជាឯកសារយ៉ាងច្បាស់លាស់ ដើម្បីទុកជាភស្តុតាង ។ អាចនិយាយបានថា ក្នុងនាមជាប្រទេសដែលស្រលាញ់សន្តិភាព កម្ពុជា អត់ធ្មត់យ៉ាងខ្លាំងបំផុត នៅលើសមរភូមិយោធា ដើម្បីបញ្ជៀសការផ្ទុះអាវុធ ប៉ុន្តែកម្ពុជា សកម្មខ្លាំងនៅលើសមរភូមិការទូត” ។

បន្ថែមលើនេះ លោក ប៉ែន បូណា គូសបញ្ជាក់ថា ជាក់ស្តែង ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា តែងតែធ្វើការតវ៉ាជាច្រើនលើកច្រើនសារ ទន្ទឹមនឹងនេះ គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ក៏បានតវ៉ាប្រឆាំងដាច់អង្ហការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃផងដែរ៕

To Top