នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់កម្លាំងជំនាញ បង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានដាក់បទបញ្ជាដល់កម្លាំងជំនាញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបទបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន តាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការរបស់រាជរដ្ឋាភិបាល ខណៈដែលនិន្នាកាលសកលមិនទាន់មានការថយចុះ នៃសកម្មភាពជួញដូរគ្រឿងញៀននេះនៅឡើយទេ។

ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ផែនប្រឆាំងបទល្មើសគ្រឿងញៀន នៅទីស្តីការក្រសួងមហាផ្ទៃ ដែលមានការ អញ្ជើញចូលរួមពី អគ្គស្នងការរង ប្រធាន-អនុប្រធានសេនាធិការ ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាព ពាក់ព័ន្ធ និងស្នងការ ស្នងការរងទទួលផែនការងារ ប្រឆាំងបទល្មើសគ្រឿងញៀនរាជធានី-ខេត្ត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យយកចិត្តទុកដាក់នៅតាមទីតាំងសប្បាយដ្ឋាន និងអគារនានាដែលមានហានិភ័យខ្ពស់ ហើយក្លាយជាទីតាំងនៃការលបលួចស្ដុក កែច្នៃ និងចែកចាយគ្រឿងញៀន។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានជំរុញការអនុវត្តវិធានការរដ្ឋបាល ស្របនឹងវិធានការច្បាប់ ជាពិសេសនៅតាមគោលដៅដែលមានហានិភ័យដូចជា សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល ក្លឹបកម្សាន្ដ ខារ៉ាអូខេ និងតំបន់មិនរៀបរយជាដើម ដើម្បីបង្រួមទីផ្សារប្រើប្រាស់គ្រឿងញៀន ឈានទៅលុបបំបាត់ការនាំចូល ការចរាចរ និងការជួញដូរគ្រឿងញៀននៅកម្ពុជា ។ បន្ថែមពីនេះ ត្រូវជំរុញការងារស្រាវជ្រាវ ស៊ើបអង្កេតស្វែងរកទ្រព្យ ដែលជាផលនៃបទល្មើសគ្រឿងញៀន ដើម្បីពន្លាតនីតិវិធីចោទប្រកាន់បទល្មើសសម្អាតប្រាក់ និងឃាត់ទុកបង្កករឹបអូសជាទ្រព្យសម្បត្តិរដ្ឋ។ លើសពីនេះ ត្រូវបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុង និងក្រៅប្រទេស។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យលើកកម្ពស់សមត្ថភាពជំនាញ ក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបការលួចលាក់នាំចូល ចរាចរ ជួញដូរ ប្រើប្រាស់គ្រឿងញៀន ជាពិសេសទប់ស្កាត់ និងបង្ក្រាបឲ្យបាននូវគោលដៅ លួចលាក់កែច្នៃសារធាតុញៀន។

សូមជម្រាបថា លទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ឆមាសទី១ ឆ្នាំ២០២៥ កងកម្លាំងអនុវត្តច្បាប់ បានធ្វើការបង្រ្កាបបទល្មើសគ្រឿងញៀន សរុបចំនួន ៤៣១២/៣៨១៤ករណី កើន ៤៩៨ករណី ស្មើ ១៣% ឃាត់ខ្លួន ១០,៩៧១/៩,៤១១នាក់ កើន ១,៥៦០នាក់ ស្មើ ១៧% ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ៣តោន ៩៣៩គីឡូក្រាម/៣តោន ៤២៧គីឡូក្រាម កើន ៥១២គីឡូក្រាម ស្មើ ១៥% និងសារធាតុគីមី ១តោន ៩៩គីឡូក្រាម/១៤គីឡូក្រាម កើន៩៥៨គីឡូក្រាម ស្មើ៦៧៩% រួមនឹងមធ្យោបាយ សម្ភារវត្ថុតាងមួយចំនួនទៀត៕


