កម្លាំងនគរបាលមួយក្រុម ចុះបង្ក្រាបបទល្មើសនៅខេត្តកោះកុង ហើយឆ្លៀតយកទ្រព្បសម្បត្តិម្ចាស់ទីតាំង នឹងឈានទៅអនុវត្តវិន័យកងកម្លាំង

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកកម្លាំងនគរបាលមួយក្រុម ដែលចុះបង្ក្រាបបទល្មើសនៅខេត្តកោះកុង កាលពីពេលកន្លងទៅហើយឆ្លៀត យកទ្រព្បសម្បត្តិរបស់ម្ចាស់ទីតាំង ជាគំរូមិនល្អ សម្រាប់កងកម្លាំងនគរបាលជាតិ ហើយនឹងត្រូវទទួលខុសត្រូវ ឈានទៅអនុវត្តវិន័យកងកម្លាំង ។

នាយឧត្តមសេនីយ៍ ស ថេត បានលេីកឡេីងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ផែនប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា «នេះជាគំរូមិនល្អ សម្រាប់កងកម្លាំងនគរបាលជាតិ ដែលមិនគួរឲ្យកើតមាននោះទេ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់តាំងក្រុមការងារ ចុះស្រាវជ្រាវករណីបង្ក្រាប បទល្មើសមួយនៅសហគ្រាស LYP ក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលនាំឲ្យបាត់ទូរស័ព្ទ និងកុំព្យួរទ័រ៣៥គ្រឿង ។

សម្រាប់ប្រតិបត្តិការ បង្ក្រាបបទល្មើសមួយនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដែលម្ចាស់ករណីជាកម្លាំង នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ ដឹកនាំដោយស្នងការរង នគរបាលរាជធានីភ្នំពេញម្នាក់ ហើយកម្លាំងនគរបាលខេត្តកោះកុង គ្រាន់តែចូលរួមសហការប៉ុណ្ណោះ ៕


