ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន បានផ្តល់អនុសាសន៍ ៥ចំនុចដើម្បីបង្កើន សុវត្ថិភាពផ្លូវថ្នល់

រាជធានីភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន អញ្ជើញជាអធិបតីក្នុងពីធីបិទវគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពផ្លូវថ្នល់ និងសវនកម្មសុវត្ថិភាពផ្លូវថ្នល់” ជូនដល់មន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។

ជាកិច្ចចាប់ផ្ដើម លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃវគ្គបណ្ដុះបណ្ដាល។ បន្ទាប់មកលោករដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរជូនចំពោះ សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលដ៏មានសារសំខាន់នេះដោយជោគជ័យ និងបានថ្លែងអំណរគុណចំពោះគ្រូឧទេសដែលបានចែលរំលែកនូវចំណេះដឹងថ្មីៗជូនមន្រ្ដីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រោយពីបញ្ចប់វគ្គសិក្ខាកាមនឹងទទួលបានចំណេះដឹកច្រើនជាងមុនបន្ថែមទៀតលើការងារសុវត្ថិភាពផ្លូវថ្នល់ និងសវនកម្មសុវត្ថិភាពផ្លូវថ្នល់ ។ ជាគ្នានោះលោករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

១-សូមយកចំណេះដឹងដែលបានមកពីវគ្គបណ្ដុះបណ្ដាលនេះទុកជាមូលដ្ឋាន និងបទពិសោធន៍ដើម្បីជាទុនសម្រាប់អនុវតការងារនៅអង្គភាពរបស់ខ្លួនប្រកបដោយទទួលសុខត្រូវខ្ពស់ និងដាក់ចេញនូវទិសដៅបន្តសម្រាប់នាយកដ្ឋានផ្លូវលំជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្ត។
២-ត្រូវបញ្ចូលប្រព័ន្ធសុវត្ថិភាពផ្លូវថ្នល់ និងសំណង់សិល្បការ្យ ការត្រួតពិនិត្យ និងការអនុវត្តលើការងារជំនាញលើវិស័យផ្លូវជនបទ និងត្រូវបន្តពង្រឹងសមត្ថភាពកាត់បន្ថយហានិភ័យ ស្របតាមអភិក្រម មានផ្លូវមានក្ដីសង្ឃឹម ។
៣-ត្រូវរៀបចំយន្ដការអប់រំប្រជាពលរដ្ឋអំពីការប្រើប្រាស់ផ្លូវ ស្លាកសញ្ញា គំនូសចរាចរណ៍ និងសុវត្ថិភាពដើម្បីបង្កើនការយល់ដឹងរបស់សហគមន៍ជនបទ តាមគោលការណ៍ ការពារប្រសើរជាងព្យាបាល ។
៤-ត្រូវរៀបចំបង្កើតប្រព័ន្ធសវនកម្មសុវត្ថិភាពផ្លូវ និងសំណង់សិល្បការជនបទ ។
៥-សូមឱ្យអគ្គនាយកដ្ឋានបច្ចេកទេស និងនាយកដ្ឋានផ្លូវលំជនបទ ចងក្រងសៀវភៅឬឯកសារស្ដីពីការណែនាំពីសុវត្ថិភាពផ្លូវ និងប្រព័ន្ធសវនកម្មសុវត្ថិភាពផ្លូវ ដើម្បីផ្សព្វផ្សាយអប់រំបន្តក្នុងគោលដៅបង្កើនការយលដឹងពីគោលការណ៍ ដំណើរការអត្ថប្រយោជន៍នៃសវនកម្មផ្លូវបន្ថែមទៀត ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋតាមគោលការណ៍សុវត្ថិភាពផ្លូវដើម្បីទាំងអស់គ្នា។

ជាកិច្ចបញ្ចប់នៃកម្មវិធីបិតវគ្គបណ្តុះបណ្តាលនាពេលនេះ លោករដ្ឋមន្ត្រីបានអញ្ជើញផ្តល់កិត្តិយសចែកលិខិតសសើរ ក៏ដូចជាវិញ្ញាបនបត្របញ្ជាក់កាសិក្សា ជូនដល់គ្រូឧទ្ទេស និងសិក្ខាកាមដែលបានចូលរួមរយៈពេលមួយថ្ងៃពេញនេះ៕

To Top