ចលនាជាតិខ្មែរ ជួយរកការងារឱ្យខ្មែរ តាមរយ: វេទិកាជាមួយសហជីព ប្រតិភូបុគ្គលិក ដើម្បីជំរុញការផ្សព្វផ្សាយ ឱកាសការងារជូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ

ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងវេទិកាជាមួយសហជីព ប្រតិភូបុគ្គលិកដើម្បីជំរុញ ការផ្សព្វផ្សាយឱកាសការងារ ជូនពលករខ្មែរដែល ទើបត្រឡប់មកពីប្រទេសថៃ ដែលពិធីនេះប្រព្រឹត្តទៅនាពេលព្រឹក និងពេលរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីសហជីព និងប្រតិភូបុគ្គលិក ប្រមាណ ៧០០នាក់។

ថ្លែងក្នុងវេទិកានោះ ក្រោមស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ លោកហេង សួរ បានផ្តាំផ្ញើដល់តំណាងសហជីព និងប្រតិភូបុគ្គលិកឱ្យជំរុញបន្តផ្សព្វផ្សាយ និងផ្តល់ភាពកក់ក្តៅក្នុងការចុះឈ្មោះ រកការងារជូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ខណៈពេលដែលប្រទេសកម្ពុជាមានឱកាសការងារសម្បូរបែប រួមផ្សំនឹងការវិនិយោគទុនពីបរទេស និងការកកើតនៃសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកជាច្រើន។

ក្នុងឱកាសនោះដែរ លោក ហេង សួរ បានណែនាំជំរុញឱ្យផ្សព្វផ្សាយអំពីលេខទំនាក់ទំនងស្វែងរកការងារ ១២៩៧ និងកម្មវិធីស្វែងរកការងារ តាមរយៈ Telegram Bot ទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរវិល ត្រឡប់ពីប្រទេសថៃបានយល់ដឹង និងទទួលបានឱកាសការងារកាន់តែឆាប់។

ជាការរម្លឹក លោក ហេង សួរ បានលើកឡើងអំពីអត្ថប្រយោជន៍ នៃការធ្វើការនៅក្នុងប្រទេសកម្ពុជា និងសំណូមពរឱ្យតំណាងសហជីព និងប្រតិភូបុគ្គលិក ចូលរួមផ្សព្វផ្សាយព័ត៌មាន និងជួយដោយផ្ទាល់ ក្នុងការចុះឈ្មោះរកការងារ ជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។ លោកបានបញ្ជាក់ថា បច្ចុប្បន្នការងារនៅកម្ពុជា មានច្រើនប្រភេទដែលអាចឱ្យបងប្អូនទទួលបាននូវប្រាក់ឈ្នួលអាចទទួលយកបាន រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) ប្រសើរជាងចំណាកស្រុកទៅប្រទេសថៃ ជាពិសេសរបបថែទាំសុខភាព និងប្រាក់សោធននិវត្តន៍៕





