ព័ត៌មានជាតិ

អាកាសយានដ្ឋានអន្តរជាតិតេជោ បញ្ចប់ការហោះហើរ សាកល្បង ប្រភេទយន្ដហោះA320 សម្រេចដោយជោគ ជ័យ ទាំងដំណើរការបច្ចេកទេស និងការហោះហើរ

" "

កណ្តាល៖ អាកាសយានដ្ឋាន អន្តរជាតិតេជោ ប្រភេទ 4F នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានបើកការហោះហើរ សាកល្បង ប្រភេទយន្ដហោះពាណិជ្ជកម្ម Airbus-320 បានសម្រេចប្រកបដោយជោគជ័យ ទាំងដំណើរការបច្ចេកទេស និងការហោះហើរ ទៅតាមផែនការដែលបានកំណត់។

​ការបើកការហោះហើរសាកល្បងនេះ មានការអញ្ជើញ ចូលរួមពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ព្រមទាំងមន្ត្រីបច្ចេកទេស និងផ្នែកពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។

" "

ក្នុងលកាសនោះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងថា ការហោះហើរសាកល្បង នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ យន្តហោះ Airbus-320 របស់ក្រុមហ៊ុន អាកាសចរណ៍ជាតិ Air Cambodia បានហោះហើរពីអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ មកកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ។ ការហោះហើរនេះ ប្រកបដោយជោគជ័យ ទៅតាមប្រព័ន្ធបច្ចេកទេសនៃការហោះហើរ ហើយក្នុងនោះ ក៏មានការតេស្ដសាកល្បងចំនួនអ្នកដំណើរ១០០នាក់ លើការ Check In និងអ្នកដំណើរ ១០០នាក់ទៀត សម្រាប់ Arival ដោយឆ្លងកាត់ការស្កេនវ៉ាលី និងនគរបាលអន្តោប្រវេសន៍ផងដែរ។

" "

បន្ថែមលើនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏ធ្លាប់បានបញ្ជាក់ថា ការធ្វើតេស្តសាកល្បង ចំពោះយន្តហោះពាណិជ្ជកម្ម AirBus-320 នេះ គឺតេស្តសាកល្បង ប្រៀបធៀបទៅលើព្រលានចាស់ និងព្រលានថ្មី ចំពោះប្រព័ន្ធនាំផ្លូវអាកាស, វិទ្យុទាក់ទង, ប្រព័ន្ធបញ្ជាហោះហើរ, ការចល័ត និងសម្ភារចេញចូលសម្រាប់អ្នកដំណើរផងដែរ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ។

សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕

To Top