កម្ពុជាស្វាគមន៍តួនាទីចិន ក្នុងកិច្ចសម្របសម្រួល ឲ្យមានការជួបគ្នា រវាងប្រមុខការទូតខ្មែរ-ថៃ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការ បរទេសកម្ពុជា លោកជុំ សុន្ទរី បានបង្ហាញការពីការស្វាគមន៍ ជាខ្លាំងចំពោះមហាមិត្តចិន ដែលបានសម្របសម្រួល ឲ្យមានកិច្ចសន្ទនាពិសាតែរវាងរដ្ឋមន្ត្រី ការបរទេសចិន កម្ពុជា ថៃ នៅខេត្តយូណាន ប្រទេសចិន ។
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១៦ ខែសីហា ឯកឧត្តមអ្នកនាំពាក្យមានប្រសាសន៍ថា ក្នុងកិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា ថៃ នៅខេត្តយូណាន កម្ពុជាពិតជាអរគុណយ៉ាងជ្រាលជ្រៅដល់ភាគីចិន ក្នុងការឈានទៅកាត់បន្ថយភាព តានតឹងនៅតាមព្រំដែន ។

លោកជុំ សុន្ទរី បញ្ជាក់ថា “កម្ពុជាស្វាគមន៍ ចំពោះតួនាទីមិនអាច ខ្វះបានរបស់ចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និងជំរុញការកាត់បន្ថយភាពតានតឹង ។ កម្ពុជាថ្លែងអំណរគុណជាពិសេស ចំពោះការគាំទ្ររបស់ប្រទេសចិន លើបទឈប់បាញ់ដែលបានឯកភាព ដោយកម្ពុជានិងថៃ ក៏ដូចជាការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ចិន ក្នុងការស្តារទំនាក់ទំនង មកកាន់ប្រក្រតីភាព រវាងប្រទេសជិតខាងទាំងពីរ ដោយសន្តិវិធី” ។
សូមបញ្ជាក់ថា កាលពីថ្ងៃ១៤ សីហាលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានជួបពិភាក្សាក្រៅ ផ្លូវការជាមួយលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និងលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ៕
