ដំណឹងល្អ! សាកលវិទ្យាល័យបៀលប្រាយ បើកបង្រៀនមុខជំនាញ វិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មបញ្ញាសិប្បនិម្មិត ឆ្លើយតបនឹងបច្ចេកវិទ្យា ៤.០

ភ្នំពេញ ៖សាកលវិទ្យាល័យបៀលប្រាយ (BBU) បានទទួលការអនុញ្ញាតជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា ដោយបានទទួលស្គាល់មុខជំនាញថ្មី «វិទ្យាសាស្ត្រទិន្នន័យនិងវិស្វកម្មបញ្ញាសិប្បនិម្មិត (Data Science and Artificial Intelligence Engineering)»” ដែលមានសារៈសំខាន់ខ្លាំងក្នុងយុគ សម័យបច្ចេកវិទ្យាបច្ចុប្បន្ន ។
តាមរយៈប្រកាសលេខ ១១១២ អយក.ប្រក ស្តីពីការទទួលស្គាល់មុខជំនាញ វិទ្យាសាស្ត្រទិន្នន័យនិង វិស្វកម្មបញ្ញាសិប្បនិម្មិត នៅសាកលវិទ្យាល័យបៀលប្រាយ ទីតាំងគោល និងគ្រប់សាខា ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ។
នេះជាសញ្ញាមួយបង្ហាញពីការប្តេជ្ញាចិត្ត របស់សាកលវិទ្យាល័យបៀលប្រាយ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងការរីកចម្រើននៃបច្ចេកវិទ្យា។ មុខជំនាញទាំងពីរនេះ នឹងផ្តល់ឱកាសឲ្យនិស្សិតទទួលបានចំណេះដឹងស៊ីជម្រៅ និងជំនាញជាក់ស្តែង ដែលអាចអនុវត្តបានក្នុង ការងារជាក់ស្តែង ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ។
ការបើកបង្រៀនមុខជំនាញថ្មីទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការត្រៀមលក្ខណៈយុវជនកម្ពុជា ឲ្យក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសជាតិ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទាក់ទងមកកាន់សាកលវិទ្យាល័យបៀលប្រាយផ្ទាល់ ឬតាមដានគេហទំព័រផ្លូវការ bbu.edu.kh៕

