ព័ត៌មានជាតិ

សមាគមធនាគារ និង មីក្រូហិរញ្ញវត្ថុកម្ពុជា ផ្តល់កម្មវិធីអប់រំ ផ្សព្វផ្សាយចំណេះដឹង ផ្នែកហិរញ្ញវត្ថុយ៉ាងផុសផុល ដល់អ្នកសារព័ត៌មាន ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទាំងពីរសមាគម បានរួមគ្នា បង្កើតកម្មវិធីអប់រំ ផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ យ៉ាងផុសផុល ដល់អ្នកសារព័ត៌មាន បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ដើម្បីឱ្យគាត់ទទួលបានព័ត៌មានពិត ត្រឹមត្រូវ និងមានការសម្រេចចិត្តត្រឹមត្រូវ នៅពេលប្រើប្រាស់សេវាហិរញ្ញវត្ថុ ​និងដើម្បីអាចជួយផ្សព្វផ្សាយបន្ត កាន់តែទូលំទូលាយអំពីចំណេះដឹងហិរញ្ញវត្ថុ ដល់សាធារណៈជន។

ក្នុងកម្មវិធីបិទវគ្គបណ្តុះ បណ្តាលអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា អំពីវិស័យធនាគារនិងហិរញ្ញវត្ថុ និងចំណេះដឹងផ្នែក ហិរញ្ញវត្ថុ ឆ្នាំ២០២៥ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៥ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា សមាគមធនាគារ នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ បានយកចិត្តទុកដាក់ខ្ពស់លើ របៀបវារៈការអប់រំ និងកិច្ចការពារអតិថិជន ក្នុងចំណោមរបៀបវារៈផ្សេងៗទៀត របស់សមាគម ក្នុងការចូលរួមអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុឱ្យកាន់តែ មានភាពធន់ ស្ថិរភាព និងរឹងមាំ ។

លោកបានបន្តថា នាពេលកន្លងមកនេះ សមាគមទាំងពីរ ក៏បានដាក់ចេញនូវគោលនយោបាយ និងគោលការណ៍ស្វ័យបញ្ញត្តិមួយចំនួនផងដែរ ក្នុងការពង្រឹងការអនុវត្តការផ្ដល់កម្ចី ប្រកបដោយការទទួលខុសត្រូវ និងការអបរ់រំប្រជាពលរដ្ឋ អំពីការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ។

ជាក់ស្ដែង ទាក់ទងនឹងការអនុវត្តការផ្ដល់កម្ចី ប្រកបដោយការទទួលខុសត្រូវសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនូវ ៖ ១. ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ២. វិញ្ញាបនបត្រការផ្ដល់កម្ចី ប្រកបដោយការទទួលខុសត្រូវ សម្រាប់មន្ត្រីធ្វើការទាក់ទងនឹងឥណទាន ៣. វិធានផ្តល់ឥណទាន និងស្តង់ដាកិច្ចសន្យាឥណទាន ៤. គោលការណ៍ណែនាំ ស្តីពីក្រមប្រតិបត្តិរបស់មន្ត្រីពាក់ព័ន្ធនឹងឥណទាន ៥. ការវាយតម្លៃគ្រឹះស្ថានហិរញ្ញវត្ថុ ទាក់ទងនិងការអនុវត្តក្រមប្រតិបត្តិ ៦. សេវាគាំទ្រអតិថិជន តាមរយៈការបង្កើតបណ្តាញហតឡាញ និងការទទួលបណ្ដឹងតវ៉ា បង្កើតមជ្ឈមណ្ឌលគាំពារ អ្នកប្រើប្រាស់សេវាវិស័យហិរញ្ញវត្ថុ (Financial Consumer Center/FCC) ផងដែរ។

លោក រ័ត្ន សោភ័ណ បានបន្ថែមថា មិនតែប៉ុណ្ណោះ ដើម្បីបន្តភ្ជាប់ទំនាក់ទំនងរវាងវិស័យធនាគារ និងវិស័យសារព័ត៌មាន និងការផ្ដល់ព៏ត៌មានពីវិស័យធនាគារនិងហិរញ្ញវត្ថុ ឱ្យមានភាពរហ័សនិងទាន់ពេលវេលា សមាគមទាំង២ បានរៀបចំឱ្យមាននាយកដ្ឋានទំនាក់ទំណងសាធារណៈ និងបានចាត់តាំងអ្នកនាំពាក្យ សម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ ក្នុងកម្រិតសមាគម ដើម្បីផ្ដល់ព័ត៌មានជូនសាធារណជននិងអ្នកសារព័ត៌មាន ឱ្យបានទាន់ពេលវេលាផងដែរ។

ក្នុងឱកាសនោះ លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា ដើម្បីឱ្យចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងព័ត៌មានអំពីវិស័យធនាគារនិងហិរញ្ញវត្ថុ បានចូលជ្រាបទៅដល់សាធារណជន ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងអាចទទួលយកបាន ចាំបាច់ណាស់គឺត្រូវការអ្នកផ្សព្វផ្សាយ ដែលមានចំណេះដឹង មានគុណភាព យល់ដឹងពីវិស័យនេះ ពោលគឺអ្នកសារព័ត៌មាននិងអ្នកផលិតមាតិកា ។ ដូច្នេះដើម្បីសម្រេចបានការផ្ទេរចំណេះដឹង ប្រកបដោយប្រសិទ្ធភាព សមាគមទាំង២ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបញ្ជ្រាបការអប់រំ និងផ្សព្វផ្សាយពីចំណេះដឹងហិរញ្ញវត្ថុ ដោយមានផ្តល់ជូនវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ ទៅដល់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការយល់ដឹង និងចំណេះដឹងថ្មីៗ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ វិស័យ សង្គមជាតិទាំងមូល ៕

To Top