ឧកញ៉ា តែ តាំងប៉ស្នើចិនបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញដល់សហគ្រាសធុនតូច-មធ្យម

ភ្នំពេញ ៖ ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ ក្នុងឱកាសដឹកនាំសមាជិក ក្រុមប្រឹក្សាភិបាលចូលជួបសម្ដែងការគួសមជាមួយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកZhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា បានស្នើសុំភាគីចិនក្នុងការជួយផ្ដល់ ការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។
ក្រៅពីនេះ ឧកញ៉ា តែ តាំងប៉ ក៏ស្នើឲ្យមានការលើកទឹកចិត្តបន្ថែមដល់ការវិនិយោគកែច្នៃផលិតផលកសិកម្មក្នុងស្រុក ដើម្បីអាចជួយជំរុញបន្ថែមនូវការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។

ជាមួយគ្នានេះដែរ ភាគីកម្ពុជាក៏បានស្នើសុំភាគីចិន ជួយសម្រួលបន្ថែមដល់ការផ្ដល់ទិដ្ឋាការដល់ប្រជាពលរដ្ឋខ្មែរអោយកាន់តែមានភាពងាយស្រួលបន្ថែមទៀតផងដែរ។

ជាលទ្ធផល ភាគីចិន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា បានឆ្លើយតបជាវិជ្ជមានចំពោះករណីសម្របសម្រួលបែបបទទិដ្ឋាការ ដោយបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន ខាងចិនបានផ្ដល់ទិដ្ឋាការដល់ប្រជាជនខ្មែរចំនួនប្រមាណ៤០០នាក់ ក្នុងមួយថ្ងៃ ហើយប្រជាជនខ្មែរក៏អាចស្នើសុំទិដ្ឋាការតាមរយៈប្រព័ន្ធអនឡាញ។ ពិសេសភាគីចិនបានបញ្ជាក់ថា ចិន និងកម្ពុជា កំពុងធ្វើកិច្ចសហការជាមួយគ្នាដើម្បីឈានដល់ការលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរផងដែរ។

ទន្ទឹមនឹងនេះ សម្រាប់កិច្ចការបណ្ដុះបណ្ដាលបច្ចេកទេសសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ភាគីចិន ក៏បានឆ្លើយតបដោយវិជ្ជមានចំពោះសំណើរបស់ FASMEC និងស្វាគមន៍ចំពោះការចែករំលែកព័ត៌មាន និងបច្ចេកទេសផ្សេងៗ ដើម្បីជំរុញដល់សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ដែលមានចំណងជាមិត្តភាពដែកថែបជាមួយគ្នា៕




