ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ឲ្យបង្កើនការយកចិត្តទុកដាក់ ខ្ពស់ទប់ស្កាត់ជំងឺគ្រុនឈាម លើស្ត្រីមានផ្ទៃពោះ ទារក និងកុមារ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាព និងពង្រឹងការបង្ការជំងឺគ្រុនឈាមឲ្យកាន់តែប្រសើរថែមទៀត ដោយស្វែងរកចំណុចគន្លឹះក្នុងការការពារ ការព្យាបាលជំងឺគ្រុនឈាម និងការឆ្លើយតបបាន ទាន់ពេលវេលាទាំង កម្រិតមន្ទីរពេទ្យ ទាំងក្នុងសហគមន៍ កាលពីពេលថ្មីៗនេះ បានណែនាំថ្នាក់ដឹកនាំសុខាភិបាល បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទប់ស្កាត់ជំងឺគ្រុនឈាម ពិសេសស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ក្នុងរដូវវស្សានេះ។

ក្នុងឱកាសនោះសាស្រ្តាចារ្យបានណែនាំដល់ថ្នាកដឹកនាំទទួលបន្ទុក និងមន្រ្តីជំនាញ បង្កើនការតាមដាន និងឆ្លើយតបឲ្យបាន រហ័សទាន់ពេលវេលា អំពីជំងឺគ្រុនឈាម ពិសេសរយៈពេលចំណុចខ្ពស់ ដោយត្រូវបង្កើនការ រាយការណ៍ករណីសង្ស័យពីគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីក្រុមការងារឆ្លើយតបរហ័សពិនិត្យការងារ និងចុះអន្តរាគមន៍ ដូចជាចុះអប់រំសុខភាព ការចុះកម្ចាត់ជំរកមូស ដាក់ថ្នាំអាប៊ែត នៅពាងទឹក និងវត្ថុដែលដក់ទឹក និងបង្កើនការបាញ់ថ្នាំ សម្លាប់មូសនៅកន្លែងឆ្លងខ្លាំង ដោយមានចលនាការ ចូលរួមពីសហគមន៍។

បន្ថែមពីនេះ រដ្ឋមន្រ្តីសុខាភិបាលផ្តាំផ្ញើទៀតថា ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ និងបណ្តាញសង្គមដល់ប្រជាពលរដ្ឋពីវិធីសាស្រ្តការពារខ្លួន សម្រាន្តត្រូវចងមុង សម្លៀកបំពាក់ឲ្យជិតចុងដៃ ចុងជើង និងយកចិត្តទុកដាក់ស្រ្តីមានផ្ទៃពោះ។ មន្ទីរសុខាភិបាល ត្រូវសហការ និងជម្រុញការគាំទ្រពីគ្រប់ផ្នែកពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សាលារៀន វត្តអារាម កងកំលាំងប្រដាប់អាវុធ ដើម្បីចូលរួមលុបបំបាត់ប្រភពដង្កូវទឹក និងមូសខ្លា ពិសេសក្នុងរដូវភ្លៀងនេះ។ សាស្រ្តាចារក៏បានផ្តល់អនុសាសន៍លើការបង្កើនសមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យ ការប្រើវិធីសាស្ត្រព្យាបាល ទាំងសេវាសាធារណៈ និងឯកជន៕

To Top