រថភ្លើងដឹកប្រេងរបស់ក្រុមហ៊ុនតេលា ធ្លាក់ខ្សែផ្លូវដែក ដោយសារ កត្តាផ្លូវស្រុត

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន លោក ផន រឹម បានអោយដឹងថា នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ មានករណីរថភ្លើងខ្សែប្រេងតេលាបានធ្លាក់ផ្លូវខ្សែផ្លូវដែកទិសខាងជើង (ខ្សែរថភ្លើងខ្សែប្រេងទិសដៅភ្នំពេញទៅបឹងព្រីង ខេត្តបាត់ដំបង)ចំណុចកើតហេតុ PK274 ស្ថិតភូមិទួលតាឯក សង្កាត់ទួលតាឯក នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសារកត្តាផ្លូវស្រុត ដោយបណ្តាលឱ្យធ្លាក់ចំនួន៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូ និងផ្លូវដែកខូចខាត ៧០ម៉ែត្រ ដែលករណីនេះ មិនមានរងគ្រោះដល់មនុស្សទេ ។

នៅចំពោះមុខ សមត្ថកិច្ច និងអាជ្ញាធរបានដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍បន្ទាន់។
ក្រុមហ៊ុនរ៉ូយ៉ាល់ បានបញ្ចូនគ្រឿងចក្រស្ទួចចំនួន២គ្រឿង រថយន្តដឹកប្រេងក្រុមហ៊ុនតេលាជាច្រើនគ្រឿង ដើម្បីបូមប្រុងចេញ និងត្រៀមរថយន្តអគ្គិភ័យ ដើម្បីបង្ការហានិភ័យកើតឡើងជាយថាហេតុ ។
សមត្ថកិច្ចបានហ៊ុំព័ទ្ធទីតាំងកើតហេតុ និងហាមឃាត់ពលរដ្ឋចូលដងប្រេង ដែលកំពប់លើផ្លូវដែក។

គួរបញ្ជាក់ថា ការលើកដាក់ទូឡើងវិញរំពឹងថា នឹងរួចរាល់ល្ងាចនេះ។ ចំពោះការស្ដារផ្លូវដែកចរាចរណ៍បណ្ដោះអាសន្ន និងធ្វើបន្តបន្ទាប់ឱ្យរួចរាល់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ។





