ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាលជាមួយពលករខ្មែរជាង ២០០នាក់ដែលទេីបត្រឡប់មកពីថៃ

កណ្តាល៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនា យុវជនស្រុកខ្សាច់កណ្តាល ខេត្តកណ្កាល និងសហការី នៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាពលករទើបអញ្ជើញមកពីប្រទេសថៃ ចំនួន២០៥នាក់​ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល។

នៅក្នុងពិធីសំណេះសំណានេះ គឺមានការអញ្ជើញចូលរួមផងដែរ ពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល សមាជិក សមាជិកា និងលោក លោកស្រី ដែលជា តំណាង រោងចក្រក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច ពិសេស ៧NGផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់ប្រធានគណៈកម្មាធិការគណបក្សស្រុក និងមតិលើកឡើងដោយផ្ទាល់ពីតំណាងរោងចក្រ ស្តីអំពីឱកាសការងារថ្មីៗ ជូនដល់ពលករចំណាកស្រុកមកពីប្រទេសថៃរួចមក លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការជួបជុំនៅថ្ងៃនេះ ដើម្បីសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនដែលទើបវិលត្រឡប់មកពីប្រទេសថៃ ហើយការជួបជុំនេះបង្ហាញពីការខ្វល់ខ្វាយចំពោះសុខទុក្ខ ដល់បងប្អូនពលករទាំងអស់ ជាពិសេស ពីសំណាក់ សម្តេចតេជោហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងគិតគូរពីសុខទុក្ខ ក៏ដូចជា សុខសុវត្ថិភាពនិងការរស់នៅរបស់បងប្អូនជានិច្ច។

លោកបណ្ឌិត កៅ ថាច បានរំលឹកថា សង្គ្រាមដែលបានកើតឡើងប៉ុន្មានថ្ងៃកន្លងទៅរាជរដ្ឋាភិបាលមានការសោកស្តាយចំពោះការឈ្លានពានរបស់ភាគីថៃមកលើបូរណភាពទឹកដីកម្ពុជា និងបានធ្វើឲ្យវីរ:កងទ័ពយើងបានពលី ក្នុងសមរភូមិ មាន អ្នកស្លាប់ របួសនិងមានជនភៀសសឹកចាកចោលលំនៅឋាន ហើយប្រទេសកម្ពុជាធ្លាប់មានបទពិសោធន៍យ៉ាងគ្រប់គ្រាន់ចំពោះរឿងសង្រ្គាម ដូចនេះ យើងមិនត្រូវការសង្រ្គាមទៀតទេ យើងត្រូវការសន្តិភាព និង មិនចង់បង្កសង្រ្គាមជាមួយប្រទេសណាមួយនោះទេ។

បន្ទាប់ពីសំណេះសំណាលរួច លោកបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនជាពលករដែលទើបត្រឡប់មកពីប្រទេសថៃ ត្រូវនាំគ្នា ធ្វើការងារក្នុងស្រុកដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូននូវឱកាសការងារថ្មីៗជាច្រើនកន្លែងសម្រាប់បងប្អូន និងមានជំនាញផ្សេងៗគ្នាជាច្រើន។ ជាពិសេស នៅស្រុកខ្សាច់កណ្តាល មានរោងចក្រច្រើន ផ្នែកមានដូចជាឧស្សាហកម្មកាត់ដេរ, រោងចក្រផលិតខ្សែភ្លើង ជាដើម, ហើយបងប្អូនអាចចូលធ្វើការបានភ្លាមក៏បងប្អូនទទួលបានបៀវត្ស ស្របតាមសមត្ថភាពការងារ ។

លើសពីនេះលោកបណ្ឌិតប្រតិភូក៏បានលើកទឹកចិត្តឲ្យបងប្អូនជាពលករមកពីប្រទេសថៃ អាចមានជម្រើសចូលបំពេញការងារក្នុងចំការ ឬដាំដុះបន្លែនៅកសិដ្ឋានជ័យធំដែលមានផ្ទះសំណាញ់ស្រាប់ ជាច្រើនខ្នង ហើយ បងប្អូន នឹងទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែមទៀត ដូចជា ការដាំដុះបន្លែ ការចិញ្ចឹមសត្វ និងវារីវប្បកម្មជាដើម។

ជាមួយគ្នានោះដែរ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ជូនថា ដោយមានការគិតគូរពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុម ការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល តែងតែយកចិត្តទុក្ខដាក់ខ្ពស់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលាជាពិសេសបងប្អូនដែលទើបវិលត្រឡប់មកពីប្រទេសថៃ ហើយនៅចំពោះមុខ សូម បងប្អូនត្រូវតែខិតខំបំពេញការងារក្នុងស្រុកឲ្យខ្លាំងមានចំណេះនិងជំនាញច្បាស់លាស់ថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ជាតិទាំងអស់គ្នាជាមួយនិងរាជរដ្ឋាភិបាល។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលរួចមក លោកបណ្ឌិតប្រតិភូបានក៏បាននាំយកសម្ភារៈនិងគ្រឿងឧបភោគ បរិភោគមួយចំនួន មានដូចជាអង្ករ ទឹកត្រី ទឹកស៊ីអីវ ត្រីខ មី ជាដើម ដែលជាអំណោយរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ដើម្បីចែកជូនដល់បងប្អូន សម្រាប់យកទៅដោះស្រាយសម្រាលបន្ទុក ការលំបាកចំពោះមុខ មួយចំនួនក្នុងគ្រួសារ ទម្រាំទទួលបានការងារធ្វើនៅក្នុងស្រុក៕

To Top