ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំប្រតិភូ អញ្ជើញទៅចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម

ភ្នំពេញ​ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។

បើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យឧបនាយករដ្ឋមន្រ្តី ស សុខា​ វត្តមានប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្នុងព្រឹត្តិការណ៍នេះ ជាការឆ្លុះបញ្ចាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងស្ថាប័នអនុវត្តច្បាប់ប្រទេសទាំងពីរ ខណៈកាលពីខែឧសភា ប្រមុខក្រសួងនគរបាលវៀតណាម ក៏បានមកចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដូចគ្នាដែរ។ លោកបន្ថែមថា ទស្សនកិច្ចនេះ ក៏នឹងរួមចំណែកលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ឱ្យកាន់តែខ្លាំងក្លាផងដែរ។

ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងឱកាសទស្សនកិច្ចនោះដែរ អ្នកនាំពាក្យ បានឱ្យដឹងបន្ថែមថា ឧបនាយករដ្ឋមន្រ្តី ស សុខា គ្រោងនឹងមានជំនួបដាច់ដោយឡែកជាមួយ ឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និង នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផងដែរ៕

To Top