ក្រសួងបរិស្ថាន ចាត់មន្ត្រីជំនាញចុះពិនិត្យទៅលើប្រេងធ្លាយចេញពីទូររថភ្លើងក្រឡាប់ ធ្លាក់ចេញពីផ្លូវ នៅក្រុងបាត់ដំបង

ភ្នំពេញ ៖ មន្ត្រីជំនាញក្រសួងបរិស្ថានរួមជាមួយមន្ត្រីមន្ទីរបរិស្ថានខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរ កំពុងចុះពិនិត្យទៅលើហេតុប៉ះពាល់បរិស្ថាន ដែលអាចកើតចេញពីប្រេងភន្ធនៈ នៃទូររថភ្លើងទឹកប្រេង ធ្លាកចេញពីផ្លូវ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា មន្ត្រីជំនាញក្រសួងបរិស្ថានត្រូវបានចាត់ទៅដល់ទីកន្លែងផ្ទាល់ កាលពីសៀលថ្ងៃទី១៦ ខែសីហានេះ នេះដើម្បីពិនិត្យ ទីតាំងលេចធ្លាយប្រេងចេញស៊ីទែនប្រេងដឹកជញ្ជូនតាមផ្លូវដែក។ ក្រុមការងារចុះពិនិត្យ និងវាយតម្លៃផលបះពាល់បរិស្ថានពីការលេចធ្លាយទៅលើដី ចូលក្នុងទឹក ។

ជាមួយគ្នានេះ ក្រុមការងារនិងសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បី កំណតវិធីសាស្ត្រ សម្អាត ប្រមូល និងទុកដាក់សំណល់ប្រកបដោយសុវត្ថិភាពបរិស្ថាន។

នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ មានករណីរថភ្លើង១ខ្សែដឹកប្រេង បានធ្លាក់ផ្លូវដែក ទិសខាងជើង (ខ្សែរថភ្លើងខ្សែប្រេងទិសដៅភ្នំពេញទៅបឹងព្រីង ខេត្តបាត់ដំបង) ស្ថិតភូមិទួលតាឯក សង្កាត់ទួលតាឯក នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសារកត្តាផ្លូវស្រុតដោយបណ្តាលឱ្យធ្លាក់ចំនួន៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចកំពុងយកចិត្តទុកដាក់លើសុវត្ថិភាព ដើម្បីបង្ការហានិភ័យកើតឡើងជាយថាហេតុ៕

