សប្បុរសជន នៅសហរដ្ឋអាមេរិក បន្តបរិច្ចាកថវិកាទិញសម្ភារៈ ជូនវីរកងទ័ពជួរមុខ ដើម្បីឈរជើង ការពារទឹកដី

ព្រះរិហារ៖ សប្បុរសជន ដែលកំពុងនៅសហរដ្ឋអាមេរិក តាមរយៈលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) បានបន្តបរិច្ចាកថវិកាជាលើកទី៣ សម្រាប់ទិញសម្ភារៈនដែលជាតម្រូវការប្រើប្រាស់ចាំបាច់ ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។

បើតាមលោក ប៉ាវ ស៊ីណា បានឱ្យដឹងថា នេះជាលើកទី៣ហើយ ដែលលោក នៅ ញន និងលោក យូ គឹមសុង រស់នៅទីក្រុងស្តុកតុន រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក បានបរិច្ចាកថវិកា ចំនួន ៥០០០ ដុល្លារ បន្ថែមទៀត តាមរយៈលោក ដើម្បីទិញសម្ភារៈ ដែលជាតម្រូវការប្រើប្រាស់ចាំបាច់ របស់បងៗវីរកងទ័ព សម្ភារៈត្រូវបានប្រគល់ជូន លោក រី សុភ័ក្រ មេបញ្ជាការកងអនុសេនាធំ គាំទ្រវរសេនាតូចអន្តរាគមន័លេខ ៣៧៤ ចំណុះកងពលតូចអន្តរាគមន៍លេខ ៧ ដែលកំពុងឈរជើង ទិសជួរមុខភ្នំខ្មោច។

សម្ភារៈមានដូចជា៖ ស៊ីម៉ង់ត៍អូដ្ឋ២០តោន ,សូឡា៣ឈុត រួមមានសូឡា១៥០វ៉ាត់៣ផ្ទាំង អាគុយ ១២០ វ៉ាត់ ៣ គ្រាប់ ដុំទប់ ៣ ខ្សែភ្លើង ១៥ ម៉ែត្រ និងដង្គាបអាគុយ ៣គូ , ខ្សែ ៩.៧ គីឡូ, ប៉ៅអ៊ី ៣ និងកៅអី ៥ ព្រមទាំង ថវិកា ២០០ ដុល្លារ រួមទាំងចំណាយលើការធ្វើដំណើរ អស់ចំនួន ២០០ ដុល្លារ សរុបថវិកា ចំណាយអស់ ៣៣០៣ ដុល្លារ ដូច្នេះថវិកានៅសល់ ១៦៩៧ ដុល្លារ បូកទាំងថវិកាដែលនៅសល់ពីការបរិច្ចាក ពីសប្បុរសជនលើកទី១ ចំនួន ២០៣៩ ដុល្លារ សរុបថវិកានៅសល់ចុងក្រោយ សរុប ៣៧៣៦ ដុល្លារ ។
លោក ប៉ាវ ស៊ីណា បន្ថែមថា ចំពោះថវិកាដែលនៅសល់ ព្រមទាំងថវិកា ដែលកំពុងស្ថិតក្នុងយុទ្ធនាការរៃអង្គាសលើកទី២ នេះ នឹងត្រូវយកទៅទិញស្បៀងអាហារ និងសម្ភាៈប្រើប្រាស់ចាំបាច់ដើម្បីផ្តល់ជូនពលរដ្ឋភៀសសិក វីរកងទ័ព និងវីរនគរបាលជាតិ ដែលកំពុងឈរជើង ការពារព្រំដែន ។

ឆ្លៀតក្នុងឱកាសនេះ លោក ប៉ាវ ស៊ីណា បានអំពាវនាវ ដល់សប្បុរសជន ក្នុងនិងក្រៅប្រទេស បងប្អូនថ្នាក់ដឹកនាំសហជីព សមាជិក សមាជិកា កម្មករនិយោជិត ភាគីនិយោជក សូមមេត្តាបន្តសកម្មភាពបរិច្ចាតាមលទ្ធភាព អោយដូចជាភ្លៀងរលឹម ដើម្បីបន្តការជួយគាំទ្រដល់ បងៗវីរកងទ័ព និងវីរនគរបាលជាតិ និងពលរដ្ឋភៀសសិករបស់យើងបន្តទៀត ។
លោក ប៉ាវ ស៊ីណា ក៏សូមគោរព និងជូនពរ សប្បុរសជន ទាំងអស់ សូមមានសុខភាពមាំមួន សុវត្ថិភាព និងសុភមង្គល គ្រប់ក្រុមគ្រួសារ ៕
