ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ប្រសិនក្រុមហ៊ុនកូកាកូឡា ដកខ្លួនចេញពីកម្ពុជានោះ កម្ពុជាគឺជាអ្នកខាតបង់ ដែលសត្រូវរបស់កម្ពុជា ជាអ្នកទទួលផល

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ប្រសិនក្រុមហ៊ុនកូកាកូឡា ដកខ្លួនចេញ ពីកម្ពុជានោះ កម្ពុជាគឺជាអ្នកខាតបង់ដែលសត្រូវរបស់កម្ពុជា ជាអ្នកទទួលផល ព្រោះសត្រូវរបស់កម្ពុជា ចង់វាយខាងសេដ្ឋកិច្ចកម្ពុជា តាំងពីដំបូង។

ការលេីកឡេីងរបស់ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីប្រជាពលរដ្ឋខ្មែរ ផ្ទុះការខឹងសម្បារ ហើយពហិកាកូកាកូឡា ព្រោះក្រុមហ៊ុនផ្តាច់កុងត្រា​ ផ្សព្វផ្សាយជាមួយ វណ្ណដា។

តាមរយៈសារខំមិនឆ្លេីយតបជាមួយប្រជាពលរដ្ឋ នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “សូមបងប្អូនជនរួមជាតិ មេត្តារក្សាភាពស្ងប់ស្ងាត់សិន និងពិចារណាឲ្យបានដឹតដល់ ។ ដំបូងយើងត្រូវដឹងថា តើក្រុមហ៊ុន ផ្តាច់កុងត្រាជាមួយវណ្ណដា ដោយសារ វណ្ណដា ស្រឡាញ់ជាតិ ឬយ៉ាងណា? បន្ទាប់មកយើងត្រូវដឹងថា ទោះជាកូកាជាផលិតផលអាមេរិក តែវាក៏ជាផលិតផលរបស់ខ្មែរ ព្រោះផលិតនៅក្នុងកម្ពុជា ដែលកម្មករខ្មែរជាអ្នកធ្វើការ និងទទួលផល”។

សម្ដេច បន្ដថា ការបង់ពន្ធ ក៏បានមកកម្ពុជាដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។ សម្ដេច ថា “ប្រសិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជានោះ កម្ពុជាគឺជាអ្នកខាតបង់ដែលសត្រូវរបស់យើងជាអ្នកទទួលផល។ សត្រូវរបស់យើងចង់វាយខាងសេដ្ឋកិច្ច យើងតាំងពីដំបូង ដូចជាគំរាមកាត់ផ្តាច់អគ្គីសនី ផ្តាច់អុីនធើណែត ឈប់លក់ប្រេងតែយើង បានម្ជាសការកាត់ផ្តាច់ និងឈប់ទិញជាមុន ដើម្បីកុំឲ្យគេគំរាមយើងបានទៀត”។

សម្ដេច​ បន្ថែមថា “ខ្ញុំមិនជំទាស់ទេ ប្រសិនបើកូកានេះផលិតនៅថៃបងប្អូនអាចឈប់ប្រើ បានតែបើកូកានេះផលិតនៅកម្ពុជា បងប្អូនពហិការមិនប្រើកម្ពុជា គឺជាអ្នកខាតបង់ទាំងការងារ ទាំងប្រាក់ចំណូល ដោយផ្ទាល់និងដោយប្រយោលរបស់ប្រជាជន និងចំណូលរដ្ឋ ។ ក្រៅពីរឿងសេដ្ឋកិច្ចនៅមានរឿងសំខាន់មួយទៀត គឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តង ដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា ជាមួយអាមេរិកតែម្តង ។ សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ”។

សម្ដេច បន្ដទៀតថា “សូម្បីតែក្រុមហ៊ុនថៃ ដែលកំពុងវិនិយោគនៅកម្ពុជា ក៏យើងត្រូវខិតខំរក្សា ដើម្បីជាប្រយោជន៍របស់យើងដែរ។ ពុក សង្ឃឹមថា វណ្ណដា និងយល់ទោះគេបញ្ឈប់កូន ដោយមូលហេតុណាក៏ដោយ កូនគប្បីស៊ូទ្រាំ ដើម្បីប្រយោជន៍ជាតិ ។ វណ្ណដា តំណាងឲ្យស្មារតីលះបង់ ដើម្បីប្រយោជន៍ជាតិ”៕

To Top