កម្ពុជា-ឡាវ ប្ដេជ្ញាបន្តកិច្ច សហការល្អជាមួយគ្នា ទាំងការចេញល្បាត ពិនិត្យភូមិសាស្រ្ត បង្គោលព្រំដែន

ភ្នំពេញ ៖ ក្នុងស្ថានភាពប្រទេសកម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នានោះ អាជ្ញាធរ និងកងកម្លាំង សមត្ថកិច្ចជាប់ព្រំដែន កម្ពុជា-ឡាវ ប្ដេជ្ញាបន្តកិច្ចសហការល្អ ជាមួយគ្នាទាំងការចេញល្បាត ពិនិត្យភូមិសាស្រ្តបង្គោលព្រំដែន ការផ្លាស់ប្ដូរព័ត៌មាន និងការបង្ក្រាបបទល្មើស។

នេះបើតាមការឱ្យដឹងពី លោក រ៉េន រតនៈ អ្នកនាំពាក្យ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្រោយបញ្ចប់ទស្សនកិច្ច ២ថ្ងៃ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តី ស សុខា ដើម្បីចូលរួមពិធីរម្លឹក ខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំង នគរបាលប្រជាជនវៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យ ដោយនៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តី ស សុខា បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព។

ក្នុងដំណើរទស្សនកិច្ច នៅវៀតណាម , ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានជួបជាមួយ នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ បានឯកភាពគ្នាខ្ពស់ថា ក្នុងស្ថានភាពដែលប្រទេសកម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នានោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចជាប់ព្រំដែន កម្ពុជា-ឡាវ ប្ដេជ្ញាបន្តកិច្ចសហការល្អជាមួយគ្នាទាំងការចេញល្បាតពិនិត្យភូមិសាស្រ្តបង្គោលព្រំដែន ការផ្លាស់ប្ដូរព័ត៌មាន និងការបង្ក្រាបបទល្មើស។

ជាការកត់សម្គាល់ ក្នុងជំនួបដាច់ ដោយឡែកជាមួយ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និង លោករដ្ឋមន្រ្តីក្រសួង សន្តិសុខសាធារណៈឡាវ ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីឆន្ទៈនិង ការអនុវត្តយ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់អំពើជួញដូរមនុស្ស និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ទាំងកម្រិតផ្ទៃក្នុងប្រទេស កិច្ចសហប្រតិបត្តិការទ្វេភាគី និងជាអន្តរជាតិ។

ក្នុងឱកាសនោះដែរ បើតាមលោក រ៉េន រតនៈ, ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើសុំការយោគយល់ ចំពោះការសម្រេចចិត្ត របស់ក្រសួងមហាផ្ទៃកម្ពុជា លើកពេលទទួលរៀបចំ កិច្ចប្រជុំត្រីភាគី ថ្នាក់រដ្ឋមន្រ្តី លើកទី២ ដោយសារភាពតានតឹង តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
ចំពោះបញ្ហាព្រំដែន ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ នូវគោលជំហរសន្តិភាព ទន្ទឹមគ្នានឹងកិច្ចការពារបូរណភាព ទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអនុវត្តបទឈប់បាញ់ និងការបន្តដោះស្រាយបញ្ហាព្រំដែន តាមយន្តការសន្ធិសញ្ញាទ្វេភាគី និងច្បាប់អន្តរជាតិជាតិ ៕
