ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ៖ សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ពលករខ្មែរមួយចំនួន បានជួបផលវិបាក ​តាំងពីនៅប្រទេសថៃ

ប៉ៃលិន ៖ ឆ្លងកាត់បទពិសោធទទួលពលរដ្ឋ សម្រាប់ធ្វើដំណើរឆ្លងប្រទេស នាប៉ុន្មានថ្ងៃមកនោះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រាប់ឱ្យដឹងថា សម្រាប់ច្រកទ្វារអន្តរជាតិ ព្រំដែនខេត្តប៉ៃលិន ពលរដ្ឋជាពិសេសពលករ មួយចំនួនបានជួបនូវផល វិបាកតាំងពីនៅប្រទេសថៃ មុនពេលបានមកដល់ព្រំដែន។

លោកស្រី អភិបាលខេត្ត បានលើកឡើងថា បើទោះបីជាប្រជាពលរដ្ឋ ឬពលករខ្លះ មានឯកសារ ប៉ាស្ព័រ (លិខិតឆ្លងដែន) និងកិច្ចសន្យាជាមួយក្រុមហ៊ុន (MOU) ត្រឹមត្រូវក៏ដោយ ក៏គាត់ត្រូវប្រឈមមុខនៅច្រកទ្វារ ដោយត្រូវចំណាយថវិកា ដើម្បីបោះត្រាចេញមកប្រទេសកម្ពុជា ។

រឹតតែលំបាកជាងនេះ លោកស្រី អភិបាលខេត្ត បានបន្តទៀតថា សម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរគ្មានឯកសារ ឬមានឯកសារដែរ ប៉ុន្តែហួសសុពលភាព ការលំបាកគឺមាន តាំងពីពេល ធ្វើដំណើរចាកចេញ តំបន់ដែលខ្លួន រស់នៅក្នុងទឹកដីថៃមកម្ល៉េះ។ លំបាក គឺដោយសាររថយន្តឈ្នួល ក៏ដូចជាប្រជាជនថៃមួយចំនួនតូច ចាប់ផ្តើមមានការរើងអើង ពិសេសរថយន្តឈ្នួលមួយចំនួនទៀត មិនហ៊ានដឹកពលករខ្មែរ ដោយសារខ្លាចមានបញ្ហា ឬបើដឹកក៏តម្រូវឱ្យ ចំណាយថវិកាខ្ពស់។

ដើម្បីសម្រួលលើការងារនេះ ក្នុងនាមរដ្ឋបាលខេត្ត លោកស្រី អភិបាលខេត្ត បានស្នើសុំកិច្ចសហការជាមួយភាគីថៃ និងចាប់ដៃជាមួយផ្នែកទំនាក់ទំនងព្រំដែន នៃប្រទេសទាំងពីរ រួមទាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអាជ្ញាធរខេត្តជាប់ ភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បីជួយដល់ប្រជាពលរដ្ឋ និងពលករ វិលត្រឡប់មកវិញទោះបីមានឯកសារ ឬគ្មានឯកសារ ក៏ដោយ។

ក្នុងនោះប្រជាពលរដ្ឋ និង ពលករដែលគ្មានលទ្ធភាព ឬគ្មានមធ្យោបាយវិលត្រឡប់ លោកស្រី បានស្នើសុំកិច្ចសហការ ពីភាគីថៃ ដោយជួលរថយន្តរបស់ថៃ ទៅដឹកដល់ទីកន្លែងតែម្តង ព្រមទាំងបានជួយដោះស្រាយ បញ្ហាមួយចំនួនទៀត ជូនពលករដែលជួបប្រទះ ធ្វើយ៉ាងណាឱ្យតែពលករទាំងអស់ នោះបានវិលត្រឡប់មកប្រទេសកម្ពុជា វិញដោយសុវត្ថិភាព។

សូមបញ្ជាក់ថា ចាប់តាំងពីព្រឹត្តិការណ៍ប៉ះទង្គិចគ្នានៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន បានទទួលប្រជាពលរដ្ឋ និងពលករដែលវិល ត្រឡប់មកពីប្រទេសថៃគិតត្រឹមថ្ងៃនេះ ជាង៦ម៉ឺននាក់។ ចំនួននេះមិនទាន់បាន បញ្ចប់នោះទេ ដោយលំហូរប្រជាពលរដ្ឋ និងពលករនៅតែបន្តចាកចេញពីប្រទេសថៃមកដល់ពេលនេះ៕

To Top