ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រគល់ម៉ូតូ១គ្រឿង និងសង់ផ្ទះជូនគ្រួសារ កងទ័ពជួរមុខ ១គ្រួសារ ដែលមានជីវភាពលំបាកខ្លាំង

កំពង់ចាម ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ បានអញ្ជើញ ចុះសួរសុខទុក្ខ អ្នកស្រី អេន ស៊ីណា អាយុ៣៨ឆ្នាំ ជាភរិយា កងទ័ពជួរមុខ ដែលមានស្ថានភាពជីវភាពខ្វះខាតខ្លាំង រស់នៅភូមិរាយប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស ។

ក្នុងឱកាសនោះ លោក ហង់ជួន ណារ៉ុន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរ សួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីសំណាក់ លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន តែងតែ បានណែនាំអោយ សាខា អនុសាខា និងបណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាក ដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឱ្យទាន់ពេលវេលា និងត្រូវគិតគូរ ផ្តោតទៅលើគ្រួសារកងទ័ពជួរមុខ ពលរដ្ឋភៀសសឹក និងផ្តល់ឱកាសការងារ ដល់ពលករដែលត្រឡប់មកពីប្រទេសថៃ ។
សូមបញ្ជាក់ថា អ្នកស្រី អេន ស៊ីណា ជាភរិយាយោធិនជួរមុខនៅមុំ៣ ទិសព្រះវិហារ ដែលកំពុង បំពេញបេសកកម្មការពារបូរណភាពទឹកដី នៅសមរភូមិព្រំដែន។ អ្នកស្រី មានកូនស្រី ប្រុស ២ នាក់ក្នុងបន្ទុក និងមានផ្ទៃពោះ ៤ខែ ថែមទៀត ។

ដោយមើលឃើញពីស្ថានភាពជីវភាពលំបាក កង្វះមធ្យោបាយធ្វើដំណើរ និង ជម្រកស្នាក់នៅ ព្រោះមានតែកូនផ្ទះតូចមួយ បិទបាំងដោយសង្កសីចាស់ទ្រុឌទ្រោម ទើបថ្នាក់ដឹកនាំ សម្រេចសាងសង់ ផ្ទះថ្មផ្ទាល់ដី១ខ្នង ទំហំ ៥ម×៨ម និងបង្គន់អនាម័យ ១បន្ទប់ ជូនសម្រាប់ប្រើប្រាស់ និងស្នាក់នៅ តទៅ ។

ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានផ្តល់ជូនម៉ូតូ ថ្មី ១គ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរ របស់គ្រួសារកងទ័ព និងផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនអ្នកស្រី អេន ស៊ីណា រួមមាន ៖ អង្ករ ៥០គក្រ ព្រមទាំង គ្រឿងឧបភោគ បរិភោគ និង ថវិកាចំនួន ១លានរៀល ផងដែរ៕

To Top