ព័ត៌មានជាតិ

កម្ពុជា គឺជាប្រទេសនាំមុនគេ បានទទួលស្គាល់ថា «ជាប្រទេស ប្រយុទ្ធប្រឆាំងនឹងមីន» នៅលើពិភពលោក

ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា កម្ពុជា គឺជាប្រទេសនាំមុនគេ បានទទួលស្គាល់ថា «ជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន» ហើយកម្ពុជា ទាត់ចោលទាំងស្រុងចំពោះការលើកឡើងរបស់ភាគីថៃ ថា «កម្ពុជា ដាក់មីនថ្មី»។

ការលើកឡើងរបស់ លោក លី ធុជ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)» ដែលរៀបចំឡើង ដោយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន នៅទីស្នាក់ការអាជ្ញាធរមីន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

លោកទេសរដ្ឋមន្ដ្រី មានប្រសាសន៍ថា «ទាត់ចោលទាំងស្រុងនូវការលើកឡើងដែលថាកម្ពុជាប្រើមីនថ្មីនេះ កម្ពុជាមានមីន គ្រប់គ្រាន់ ហើយនៅលើទឹកដីរបស់ខ្លួន មិនត្រូវការមីនថ្មីណាមួយទៀតទេដើម្បីមកសម្លាប់ប្រជាពលរដ្ឋ បង្កការលំបាក ដល់ប្រជាជនរបស់ខ្លួនទេ។ មិនមានមីននោះទេ។ មីនគឺជាសត្រូវរបស់យើង និងប្រជាជនខ្មែរ ដែលគេស្អប់ខ្ពើម»។

លោកទេសរដ្ឋមន្ដ្រី បន្ដថា «នៅលើពិភពលោក កម្ពុជាគឺជាប្រទេសនាំមុនគេ ដែលបានទទួលស្គាល់ថាជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន និងបានចូលរួមជាមួយប្រទេសដ៏ទៃទៀតក្នុងការទប់ស្កាត់ការប្រើប្រាស់មីន»។

លោកទេសរដ្ឋមន្ដ្រី បានគូសបញ្ជាក់បន្ថែមថា តំបន់ដែលទាហានថៃ រងគ្រោះដោយសារដើរជាន់មីន គឺជាតំបន់ដែលកម្ពុជា បានចាត់ទុកជាតំបន់អតីតសមរភូមិពី ជំនាន់សង្រ្គាមស៊ីវិលផ្ទៃក្នុងរបស់កម្ពុជា ដោយកាលនោះបណ្តាក្រុមប្រដាប់អាវុធឈរជើងនៅតំបន់នោះ បានដាក់មីនយ៉ាងច្រើន។ ហើយវត្តមានគ្រាប់មីនដ៏ច្រើននេះ បានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលកម្ពុជា ហើយអ្នកណាក៏ដោយដែលមកតំបន់នេះ ក៏នឹងត្រូវរងគ្រោះថ្នាក់ដូច្នេះ ។

សូមជម្រាបថា ក្នុងរយៈពេល៣៣ឆ្នាំមកនេះមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា (CMAC) បានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១ ២០៣ ៦២៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦ ៦៩២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២២២ ៥៤៩គ្រាប់៕

To Top