អាជ្ញាធរមីនកម្ពុជា អំពាវនាវភាគីថៃ កុំបន្តទន្ទា្រនចូលដីកម្ពុជា ដែលជាតំបន់មានមីន បន្សល់ទុកពីសង្គ្រាម

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា អំពាវនាវដល់ភាគីថៃ កុំបន្តទន្ទា្រនចូលទឹកដីរបស់កម្ពុជា ដែលជាតំបន់ពោលពេញដោយមីនពីសង្គ្រាម ព្រោះ មីនគ្មានភ្នែកនោះទេ បើដើរចូលអាចគ្រោះថ្នាក់។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន ក្រោមប្រធានបទ «កម្ពុជា ប្រទេសស្រលាញ់សន្តិភាព» ដែលរៀបចំនៅទីស្នាក់ការអាជ្ញាធរមីន រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា «ដើម្បីបញ្ឈប់កុំឱ្យមានគ្រោះថ្នាក់បន្តទៀត ដូចជាបានជម្រាបជូន គឺឈប់ចូលតំបន់ដែលមានមីន បើយើងឈប់ចូលតំបន់ដែលមានមីន គឺឈប់មានគ្រោះថ្នាក់ហើយ ហើយមីនអត់មានភ្នែកទេ ជនជាតិណាក៏ដោយ តែជាន់វា ប៉ះវា អត់សំចៃទេ វាកំទេចយើង»។
លោកទេសរដ្ឋមន្ត្រី បន្ដថា «អ៊ីចឹងសំណូមពរដល់ភាគីថៃ កុំបន្តទន្ទា្រន ចូលទឹកដីរបស់កម្ពុជា ដែលពោលពេញដោយមីន ពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម ហើយស្នើសុំឱ្យមានការទទួលខុសត្រូវខ្ពស់ ក្នុងការចោទប្រកាន់កុំចេះតែ លើកហេតុផលគ្មានការពិត ក៏ដូចជាផលិតនូវវីដេអូផ្សេងៗ ដែលពិភពលោកបានដឹងលឺថា ជាការប្រៃឌិត និងគ្មានមូលដ្ឋានច្បាស់លាស់»។
សូមរំលឹកថា ក្នុងរយៈពេល៣៣ឆ្នាំមកនេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១ ២០៣ ៦២៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦ ៦៩២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២២២ ៥៤៩គ្រាប់៕
