ព័ត៌មានជាតិ

ដើមឈើអាយុកាលចន្លោះពី ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ ត្រូវបានកំណាយរកឃើញ នៅខេត្តស្ទឹងត្រែង

ភ្នំពេញ ៖ ដើមឈើថ្មមួយដើម មានអាយុកាលចន្លោះពី ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅភូមិកាតូត ឃុំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការវាយតម្លៃរបស់ លោក លឹម វណ្ណច័ន្ទ មន្ត្រីជំនាញ និងជាប្រធានការិយល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ សីហា នេះ ថា តាមរយៈកិច្ចសហការចូលរួមពីរដ្ឋបាលស្រុកសេសាន មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអ្នកជំនាញក្រសួងបរិស្ថាន បានធ្វើកំណាយស្រាវជ្រាវដើមឈើថ្មនេះ ដែលជាលទ្ធផលបឋម កំណាយបានប្រវែង១៧.៥ម៉ែត្រ។ អ្នកជំនាញ គូសបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ដើមឈើថ្ម អាចមានប្រវែងប្រហែល៣០ម៉ែត្រ ឬ វែងជាងនេះ ដោយកំណាយមិនទាន់រួច។ ដើមឈើនេះ កប់ក្នុងស្រទាប់ដីឥដ្ឋ និងថ្មបាយក្រៀម។

ទាក់ទឹងនឹងកិច្ចការងារកំណាយដែរនេះ បានឱ្យដឹងថា នៅមិនទាន់ចប់នៅឡើយទេ ដែលនឹងបន្តធ្វើនៅឆ្នាំក្រោយទៀត។ ទីតាំងដើមឈើថ្មនេះ នឹងរៀបចំទៅជាកន្លែងទេសចរណ៍ របស់សហគមន៍ជនជាតិដើមព្រៅផងដែរ៕

To Top