ព័ត៌មានជាតិ

អាជ្ញាធរមីនកម្ពុជា ថ្លែងអំណរគុណ អ្នកឆ្លើយឆ្លងព័ត៌មាន​អាមេរិក​ ប្រចាំសេតវិមាន​ បានចូលរួម​ប្រយុទ្ធប្រឆាំង ​ព័ត៌មាន​ក្លែងក្លាយ​របស់​ថៃ​

ភ្នំពេញ ៖ លោក​បណ្ឌិត​ លី​ ធុជ​ ទេសរដ្ឋមន្រ្តី​ អនុប្រធានទី១​ អាជ្ញាធរ​មីន​កម្ពុជា បានថ្លែងអំណរគុណចំពោះលោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មាន​អាមេរិក​ ប្រចាំសេតវិមាន​ តែងតែ​គាំទ្រ​សន្តិភាព​នៅ​កម្ពុជា​ និង​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន ​ក្លែងក្លាយ​របស់​ថៃ​ ដែល​តែងតែ​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​ លើ​ឆាក​អន្តរជាតិ ​។​

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ លោក​បណ្ឌិត​ លី​ ធុជ​ បានគូសបញ្ជាក់ថា “គ្រាន់​តែ​អញ្ជើញ​លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មាន​អាមេរិក​ប្រចាំសេតវិមាន​ តាម​ facebook របស់​ប្អូន​ សយ​ សុភាព​ ភា្លម​ លោក​ ALFARO​ បាន​ផ្តល់​កិត្តិយស​អញ្ជើញ​មក​សិក្សា​ឈ្វេងយល់​អំពី​សកម្មភាព​មីន​នៅ​កម្ពុជា​”។

លោក​បណ្ឌិត​ ទេសរដ្ឋមន្ដ្រី បន្ដថា “អាជ្ញាធរ​មីន​ ពិត​ជា​មាន​កិត្តិយស​ និង​សូម​ថ្លែង​អំណរគុណ​ចំពោះ​ លោក​ ALFARO​ ដែល​តែងតែ​គាំទ្រ​សន្តិភាព​នៅ​កម្ពុជា​ និង​ចូលរួម​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ពត៌មាន​ក្លែងក្លាយ​របស់​ថៃ​ ដែល​តែងតែ​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​”

លោក​បណ្ឌិត​ ទេសរដ្ឋមន្ដ្រី បន្ថែមថា លោក ALFARO​ ពិត​ជា​បាន​ស្តារ​ឡេីង​វិញ​នូវ​ភាព​ស្អាតស្អំ​ និង​ភាព​ថ្លៃថ្នូរ​ពិត​ប្រាកដ​ជូន​ប្រជាជន​ និង​ប្រទេស​កម្ពុជា​។

សូមបញ្ជាក់ថា នា​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​សីហា​ ឆ្នាំ​២០២៥​ លោកបណ្ឌិត​ លី​ ធុជ​ ទេសរដ្ឋមន្រ្តី​ អនុប្រធាន​ទី១ អាជ្ញាធរ​មីន​ បានទទួលស្វាគមន៍ លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មាន​អាមេរិក​ប្រចាំសេតវិមាន​ ស្តីពី​ជំនួយ​គាំទ្រ​សកម្មភាព​មីន​មនុស្សធម៌​ របស់​សហរដ្ឋអាមេរិក​នៅ​កម្ពុជា។

To Top