ព័ត៌មានជាតិ

លោក គៀត ច័ន្ទថារិទ្ធ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព​នៅខេត្ត​ពោធិ៍សាត់​

ពោធិ៍សាត់៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូក្រុមការងារអញ្ជើញចុះត្រួតពិនិត្យ និងជំរុញការអនុវត្តការងារគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៤ ក្នុងនោះមានប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សារចំបក់ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ចិញ្ចៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ នៃអធិការដ្ឋាននគរបាលស្រុកបាកាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងត្រួតពិនិត្យទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ។

ក្រោយពីបានស្តាប់នូវមតិចូលរួមរបស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកអធិការនគរបាលស្រុក​ ក្រុង លើការអនុវត្តការងារប្រចាំការបម្រើសេវាជូនប្រជាពលរដ្ឋ លទ្ធផលកិច្ចសហប្រតិបត្តិការ ការអនុវត្តនីតិវិធី ការរក្សាការពារ សន្តិសុខ សុវត្ថិភាពនៅតាមមូលដ្ឋាននិងការល្បាតទ្រោលសភាពការណ៍ ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបួន។ លោក គៀត ច័ន្ទថារិទ្ធ ថ្លែងអំណរគុណនូវការដឹកនាំរបស់ស្នងការ លោកអធិការ លោកនាយប៉ុស្តិ៍ ធ្វើឱ្យកម្លាំងប៉ុស្តិ៍មានការខិតខំប្រឹងប្រែងអនុវត្តការងារ ការគ្រប់គ្រងបង្ការ និងបំបាត់សមត្ថភាពប្រសិទ្ធភាពមុខសញ្ញា បង្កបទល្មើស និងការអុកឡុកពីក្មេងទំនើង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ដិភាព និងអនុវត្តទម្រង់ទាំងបួនរបស់ការងារនគរបាល និងសហគមន៍ នៅមូលដ្ឋានទទួលបានលទ្ធផលល្អប្រសើរ និងកាត់បន្ថយបទល្មើសកើតឡើងទៅលើប៉ុស្តិ៍ដែលបានអនុវត្តបានល្អ ។

លោកបានណែនាំដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលនៅមានភាពខ្វះខាតក្នុងការអនុវត្ត ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍ បន្តពង្រឹងអនុវត្ត ការងារនគរបាល និងសហគមន៍ លើទាំងបួនទម្រង់ ពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ត្រូវតម្លើងបញ្ជីមុខសញ្ញាតាមដានសកម្មភាពជនខិលខូចចូលមកធ្វើការញោះញុងឱ្យប្រជាពលរដ្ឋចូលរួមចលនាប្រឆាំងផ្សេងៗ កម្លាំងស្នងការដ្ឋាននិងអធិការដ្ឋាន ត្រូវចូលរួមសហការល្បាតទ្រោលសភាពការណ៍ អន្តរាគមន៍ឱ្យបានទាន់ពេលវេលា ។

ទន្ទឹមនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវពង្រឹងការអនុវត្តការងារគ្រប់គ្រងមនុស្ស ធ្វើបញ្ជីការចូលមកស្នាក់នៅបណ្តោះអាសន្នរយៈពេលខ្លី និងរយៈពេលយូរឱ្យបានត្រឹមត្រូវច្បាស់លាស់ពង្រឹងការងារគ្រប់គ្រងអាវុធជាតិផ្ទុះ ធ្វើការចុះសម្រង់បញ្ជីមន្ត្រីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលមានអាវុធប្រើប្រាស់ហើយយកទៅគេហដ្ឋាន បន្ថែមនេះត្រូវចុះត្រួតពិនិត្យតាមខ្នងផ្ទះលើសម្ភារប្រើប្រាស់ ដែលអាចប្រើជាអាវុធ ធ្វើសកម្មភាព បង្កបទល្មើសផ្សេងៗ ពង្រឹងការងារគ្រប់គ្រងមធ្យោបាយ ម៉ូតូ រថយន្ត គោយន្តកន្ត្រៃ របស់គ្រួសារនីមួយៗ ពង្រឹងការងារគ្រប់គ្រងមុខរបរពិសេស លើទីតាំងលក់ដូរ ឧបករណ៍ អាចកែឆ្នៃ និង បំភាន់បន្លំ បម្រើដល់ការប្រព្រឹត្តបទល្មើស ពង្រឹងចលនាប្រជាការពារ រៀបចំផែនការសកម្មភាពអនុវត្តការងារប្រចាំថ្ងៃឱ្យបានច្បាស់លាស់ ក្នុងនោះដែរ ឯកឧត្តម សន្តិបណ្ឌិត បានប្រគល់ជូនឯកសណ្ឋានឈុតក្នុងម្នាក់មួយកំប្លេដល់មន្ត្រីប៉ុស្តិ៍នគរបាលនីមួយៗ និងស្ទីកគ័រ សម្រាប់ដៅគោលដៅកើតបទល្មើសញឹកញាប់គោលដៅងាយប្រឈម និងសម្រាប់បម្រើការងារផ្សេងៗទៀត ៕

To Top