កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា បង្កើនអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា-ចិន

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា លោក វង សូត អនុប្រធានទី២ រដ្ឋសភាបានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន (Hu Rongen) នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិនដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម។

ថ្លែងជម្រាបជូនភ្ញៀវពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា បានផ្តោតជាសំខាន់លើជ្រុងនៃពាណិជ្ជកម្មរវាងកម្ពុជានិងចិន លោក វង សូត បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រទេសចិននៅតែឈរលំដាប់ទី១ ក្នុងការបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលនេះជាឱកាសក្នុងការបន្តផ្សារភ្ជាប់ ដើម្បីពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទំនាក់ទំនងពាណិជ្ជកម្ម ពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អ ហើយដើម្បីជាការបន្តគាំទ្រដល់កិច្ចកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។


លោក វង សូត បានគូសបញ្ជាក់បន្ថែមថា កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលដល់វិនិយោគិន និងធុរកិច្ចចិន នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ហើយប្តេជ្ញាបន្តលើកកម្ពស់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីជាមួយនឹងទីផ្សារអំណោយផលសេដ្ឋកិច្ចបើកចំហ និងការទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ជាពិសេសការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលដល់វិស័យឯកជន ដែលជួយឱ្យកម្ពុជា ជាទីតាំងសក្តានុពលដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

បន្ថែមពីលើនេះ ឯកឧត្តមក៏បានរំលេចថា ចាប់ពីឆ្នាំ២០២២មក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជាបាននិងកំពុងបង្កើនអត្ថប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន។
ក្នុងនាមជាស្ថាប័នស្រាវជ្រាវដោយផ្តោតលើគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ លោកសាស្រ្តាចារ្យ បណ្ឌិត ហ៊ូ យ៉ុងអិន បានថ្លែងថា ដើម្បីរួមចំណែកបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ភាគីយើងទាំងពីរ កម្ពុជានិងចិន វិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិននឹងសហការជាមួយបណ្តាស្ថាប័នស្រាវជ្រាវនានារបស់កម្ពុជាក្រោមការគាំទ្រពីរដ្ឋសភាកម្ពុជា ដើម្បីរួមចែករំលែកនូវអត្ថបទស្រាវជ្រាវចាក់បញ្ចូលទៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសចិន ដោយផ្តោតលើផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា។


ឆ្លៀតក្នុងឱកាសនោះ លោកសាស្រ្តាចារ្យបណ្ឌិតក៏បានថ្លែងអំណរគុណដល់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានសម្របសម្រួលដល់បេសកកម្មការងាររបស់គណៈប្រតិភូវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន ហើយក៏ថ្លែងនូវការកោតសរសើរដល់មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍដែលបានសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់អង្គពាក់ព័ន្ធនានាក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យស្រាវជ្រាវផ្នែកនីតិសាស្រ្ត ដោយផ្តោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន៕
