ព័ត៌មានជាតិ

កម្មវិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងជោគជ័យ

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១៨ ខែសីហា កម្មវិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ដែលសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និង សមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅរាជធានីភ្នំពេញ ។

លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីនេះ ។ កម្មវិធីនេះក៏បានទាក់ទាញមន្ត្រីរាជការ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ សិស្សនិស្សិត លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ មកពីសាលាចិន វិទ្យាស្ថានខុងជឺ និងសមាជិកសភាពាណិជ្ជកម្មចិន រួមទាំងភ្ញៀវជាតិនិងអន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋានកម្ពុជា និងចិន សរុបជាង ២០០នាក់ ឱ្យរួមគ្នាអបអរកម្មវិធីវប្បធម៌ដ៏អស្ចារ្យនេះផងដែរ។

ឆ្នាំនេះគឺជាខួបលើកទី៨០ នៃជ័យជម្នះសង្គ្រាមប្រឆាំងហ្វាស៊ីសនិយមពិភពលោក ក៏ដូចជាខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និង “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ផងដែរ ។ ភាគីទាំងពីរ បានប្រើប្រាស់ទម្រង់នៃការសម្តែងសិល្បៈ និងវប្បធម៌ដើម្បីបង្ហាញពីទស្សនៈសន្តិភាព ពង្រឹងចំណងមិត្តភាពរវាងប្រជាជនទាំងពីរ និងបន្តពង្រឹងមូលដ្ឋានគ្រឹះនៃសាធារណៈមតិសម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។

កម្មវិធីសម្តែងបានចាប់ផ្តើមជាមួយនឹងរបាំអប្សរា “អ្នកនាំសារសន្តិភាព” ដែលសម្តែងដោយសិស្សសាលារបាំនរោត្តមបុប្ផាទេវី ដែលកាយវិការរាំដ៏ស្រស់ស្អាតបានបង្ហាញពីតម្លៃដ៏វិសេសវិសាល និង ក្តីប្រាថ្នាចំពោះសន្តិភាព ។ បន្ទាប់មក មានការសម្តែងសិល្បៈគុនកុងហ្វូចិន និង ក្បាច់គុនល្បុក្កតោខ្មែរ ដើម្បីបង្ហាញពីទំនាក់ទំនងដ៏អស្ចារ្យ នៃសិល្បៈក្បាច់គុន។ កម្មវិធីជាបន្តបន្ទាប់រួមមានបទចម្រៀង “មនោសញ្ចេតនាកម្ពុជា-ចិន” ការប្រគំពិណបុរាណចិន បទ “សំណើចសមុទ្រឆាង” និង ការសូត្រកំណាព្យ បទ “សង្គ្រាមនិងសន្តិភាព” ដែលទាំងអស់នេះបានបង្ហាញពីភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណី និងការបង្ហាញមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅលើប្រធានបទសន្តិភាព ។ របាំ “ព្រាបសន្តិភាព” របស់ក្រុមសិល្បៈរបាំខ្មែរ បានបង្ហាញពីអនាគតដ៏ស្រស់បំព្រង ហើយចម្រៀង បទ“សូមឱ្យពិភពលោកពោរពេញដោយក្តីស្រឡាញ់” ដែលច្រៀងដោយសភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា បានធ្វើឱ្យកម្មវិធីទាំងមូលរឹតតែឱឡារិកបំផុត។

នៅក្នុងកម្មវិធីនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ។ ប្រជាជនកម្ពុជាស្រឡាញ់ និង ការពារសន្តិភាព និង ឱ្យតម្លៃកាលានុវត្តភាពអភិវឌ្ឍន៍ដែលនាំមកដោយសន្តិភាព។ ប្រទេសកម្ពុជាគឺជាគោលដៅទេសចរណ៍អន្តរជាតិមួយ ដែលប្រកបដោយសុវត្ថិភាព មេត្រីភាព និង មានភាពទាក់ទាញ។ រយៈពេល៧ខែដំបូងនៃឆ្នាំ២០២៥ ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៣លាន៧សែន១ម៉ឺននាក់ ដោយក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ៦៩ម៉ឺននាក់ កើនឡើង៤៨.២ ភាគរយ។ ប្រទេសកម្ពុជាត្រដាង “ស្លាបសន្តិភាព” អញ្ជើញមិត្តភក្តិចិនកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ។

លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងសុន្ទរកថាក្នុងកម្មវិធីនេះថា ឆ្នាំនេះជាខួបលើកទី ៦៧ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរឹងមាំ និង ស្ថិតស្ថេរយូរអង្វែង ហើយមនោសញ្ចេតនារវាងប្រជាជនក៏មានភាពស៊ីជម្រៅ។ វប្បធម៌ និង សិល្បៈគឺជាស្ពានមួយដែលដែលអាចឆ្លងផុតព្រំដែន យើងបានរៀបចំកម្មវិធីសម្ដែងសិល្បៈនេះ ដើម្បីផ្សព្វផ្សាយទស្សនៈសន្តិភាព និងបង្ហាញពីស្មារតីប្រឆាំងសង្គ្រាម ដែលនេះមិនត្រឹមតែជាការរំលឹកដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្ត និងពង្រឹងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ព្រមទាំងជាសេចក្តីប្រកាសដ៏ម៉ឹងម៉ាត់អំពីតម្លៃសន្តិភាព ដែលប្រជាជនប្រទេសទាំងពីររួមគ្នាការពារផងដែរ។

“សន្តិភាព គឺជាបំណងប្រាថ្នាដ៏យូរអង្វែងបំផុតរបស់មនុស្សជាតិ”។ ក្រោមការដឹកនាំរបស់ពិធីករ កម្មវិធី “ស្លាបសន្តិភាព” ដែលបណ្ដាក់គ្នានូវកាយវិការដៃទូទាំងពិភពលោក ត្រូវបានចាប់ផ្តើមនៅទីតាំងនេះ។ ភ្ញៀវកិត្តិយសជាង ២០០ នាក់ដែលបានចូលរួមក្នុងកម្មវិធី បានធ្វើកាយវិការដៃ “ស្លាបសន្តិភាព” នេះរួមគ្នា ដើម្បីបង្ហាញនូវ “ការរលាស់ស្លាប” ដែលជានិមិត្តរូបនៃសន្តិភាព ហើយក៏បានបម្លែងខ្លឹមសារសំខាន់នៃ “ការអំពាវនាវរកសន្តិភាព និងការបួងសួងសុំសន្តិភាព” ទៅជាសេចក្តីប្រកាសដែលមើលឃើញឆ្លងផុតរបាំងភាសា។

ទំនាក់ទំនងរវាងប្រទេសនឹងរឹងមាំនៅពេលដែលប្រជាជនមានភាពស្និទ្ធស្នាល ហើយភាពស្និទ្ធស្នាលរវាងប្រជាជនកើតចេញពីការយល់ចិត្តគ្នា។ កម្មវិធីនេះមិនត្រឹមតែជាកម្មវិធីសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីបេះដូងរួមគ្នាផងដែរ ។ ប្រជាជននៃប្រទេសទាំងពីរបានបង្ហាញនូវក្តីស្រឡាញ់ចំពោះសន្តិភាព និង ក្តីរំពឹងចំពោះអនាគតដ៏ស្រស់បំព្រងតាមរយៈតន្ត្រី និង របាំ ។ ភ្ញៀវកិត្តិយស និង ទស្សនិកជនបានលើកឡើងថា កម្មវិធីសម្ដែងសិល្បៈ “ស្លាបសន្តិភាព” មិនត្រឹមតែបង្ហាញពីការផ្លាស់ប្តូរ និង រៀនសូត្រវប្បធម៌ទៅវិញទៅមក នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីជំនឿចិត្តដ៏រឹងមាំក្នុងការរួមគ្នាកសាងសន្តិភាព និង មិត្តភាពផងដែរ៕

To Top