លោក ឃួង ស្រេង ឱ្យអាជ្ញាធរ និងកងកម្លាំងចំ បន្តរក្សាសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋ ជាពិសេសលុបបំបាត់ ក្មេងទំនើងក្នុងមូលដ្ឋាន

ភ្នំពេញ៖ លោក ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងចំណុះ ឱ្យគណៈបញ្ជាការឯកភាពខណ្ឌ បន្តរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អថែមទៀត ជាមួយនិងការលុបបំបាត់ក្មេងទំនើង នៅក្នុងមូលដ្ឋាន ដើម្បីជាជំនឿទុកចិត្តពីភ្ញៀវជាតិ អន្តរជាតិ បានមកទេសចរណ៍ នៅស្រុកកាន់តែច្រើនថែមទៀត ព្រោះថា បញ្ហាសន្តិសុខ សុវត្ថិភាព វាជារឿងសំខាន់សំរាប់មនុស្សគ្រប់រូប ។

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ នាវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៨ សីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា ដោយសារតែ នៅរាជធានីភ្នំពេញ មានសន្តិសុខ សុវត្ថិភាពល្អប្រសើរនេះហើយ ទើបបានធ្វើឱ្យផ្លូវថ្មើរជើងចតុមុខ (Walk Street) ទទួលបានការពេញនិយម ពីភ្ញៀវជាតិនិងអន្តរជាតិ មកដើរលេងកំសាន្តយ៉ាងច្រើនកុះករ។ បើប្រទេសអសន្តិសុខ ភ្ញៀវបរទេស គេមិនមកលេងដែរ។

ក្នុងនោះ លោក ឃួង ស្រេង បានគូសបញ្ជាក់ដែលថា ចាប់ពីថ្ងៃទី២៤ដល់២៨ កក្កដាកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនបានសម្រាកឬសំរានទេ គឺអង្គុយនៅចាំបញ្ជាកងទ័ពជួរមុខ និងរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅបញ្ចប់សង្រ្កាម ជាមួយថៃ។

ក្នុងការប៉ះទង្គិចគ្នារយៈពេល៥ថ្ងៃ ជាមួយទាហានថៃ បើទោះបីកម្ពុជា មានពលរដ្ឋតិចជាងថៃ ទាំងកំលាំងទ័ព ទាំងអាវុធនិងសេដ្ឋកិច្ច មិនទាន់ខ្លាំងយ៉ាងណាក៏ដោយ តែកងទ័ពកម្ពុជា មានទឹកចិត្តយ៉ាងមុះមុត អង់អាចក្លាហាន ដោយឈរការពារបូរណភាពទឹកដី បានយ៉ាងរឹងមាំ មិនបានបាត់បង់ឡើយ។ ភាពអង់អាចក្លាហាន របស់កងទ័ពជួរមុខ គឺបានកើតឡើង ដោយបងប្អូនប្រជាពលរដ្ឋជួរក្រោយ រួមគ្នាជាធ្លុងមួយ ជួយដល់កង់ទ័ពជួរមុខ ជាការលើកទឹកចិត្ត តាមរយៈការផ្តល់ជំនួយ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅជួរមុខ គឺស្មារតីជាតិខ្មែរតែមួយ ជាពិសេសប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលកន្លងមកបានបរិចាកធនធានផ្ទាល់ខ្លួន។

ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មានថ្នាក់ដឹកនាំដ៏ឆ្នើមនោះ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ។ ប្រទេសជាតិមិនទាន់មានសង្ក្រាម មិនទាន់ដឹងច្បាស់ទេ តែនៅពេលប្រទេសមានសង្គ្រាម ជាមួយថៃទើបដឹងច្បាស់ថា ប្រទេសកម្ពុជា មិនអាចខ្វះបានសម្តេចទាំងទ្វេ ជាដាច់ខាត់ «សម្ដេចតេជោ និងសម្ដេចធិបតី»។

លោក ឃួង ស្រេង បញ្ជាក់ទៀតថា ដើម្បីឱ្យកម្ពុជា សម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ យើងត្រូវពង្រឹងខ្លួនឯងឱ្យបានរឹងមាំ ដោយថៃ មិនចង់ឱ្យកម្ពុជាដើរទៅដល់ចំណុចនេះទេ សមាជិក សមាជិកាទាំងអស់ត្រូវដឹងឱ្យច្បាស់ពីរឿងនេះ៕







