ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ៖ ការលះបង់សាច់ស្រស់ឈាម ស្រស់ របស់វីរកងទ័ពជួរមុខ គឺជាមហាកម្លាំង និងជាមហាកំផែង គ្មានអ្វីប្រៀបផ្ទឹមបាន

កំពង់ស្ពឺ ៖ ការប្តេជ្ញាចិត្ត និងការលះបង់សាច់ស្រស់ឈាមស្រស់ របស់បងប្អូនវីរកងទ័ពជួរមុខគឺ ជាមហាកម្លាំងនិង ជាមហាកំផែង ដ៏រឹងមាំគ្មានអ្វីប្រៀបផ្ទឹមបាន ក្នុងការការពារជាតិនិងសន្តិភាព ជូនជាតិនិងប្រជាជនកម្ពុជាទាំងមូល។

នេះបើតាមការលើកឡើងរបស់ អភិបាលខេត្តកំពង់ស្ពឺ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខវីវកងទ័ពជួរមុខម្នាក់ឈ្មោះ ណុប វ៉ាន អាយុ៥៧ឆ្នាំដែលរង របួសដោយការទម្លាក់គ្រាប់ ពីយន្តហោះនៃទ័ពសៀម ក្នុងភូមិសាស្ត្រប្រាសាទតាក្របី ហើយកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

ផ្ទាំងពាណិជ្ជកម្ម

លោក អភិបាលខេត្ត បានលើកឡើងថា កម្ពុជា បានរងនូវការឈ្លានពានទឹកដី ពីសំណាក់ទាហានសៀម ហើយបានប៉ះទង្គិចគ្នា អាវុធតូចធំចាប់ពីថ្ងៃទី២៤រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ធ្វើឱ្យវីរកងទ័ពជួរមុខ របស់យើងរងរបួសនិងពលីជីវិត។ប៉ុន្តែភាពខ្លាំង អង់អាចរបស់បងៗកងទ័ព មិនត្រឹមតែទទួលបានការគោរព ពីប្រជាជនកម្ពុជា ប៉ុណ្ណោះទេ វាបានធ្វើឱ្យពិភពលោកទាំងមូល មានការភ្ញាក់ផ្អើល និងចងចាំជានិច្ចនូវ វីរភាពរបស់វីរកងទ័ពរបស់យើង។

លោក អភិបាលខេត្ត ក៏បានសម្តែងនូវការក្រៀមក្រំ និង សោកស្តាយបំផុតចំពោះបាត់បង់ និងរងរបួសក្នុងសមរភូមិ ឈ្លានពាននៃប្រទេសជិតខាង។ ក្នុងនោះ បានសង្កត់ធ្ងន់ថា ការមកដល់របស់ក្រុមការងារនៃរដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃនេះ គឺជាសញ្ញាដែលចង់បញ្ជាក់ថា បងប្អូនវីរកងទ័ពដែលរងរបួសដោយការយកដើមទ្រូងទៅពាំងគ្រាប់ដើម្បីជាតិ មាតុភូមិមិនឯកាទេ ពោលគឺបងប្អូនកងទ័ពពិតជាទទួលបានការយកចិត្តទុកដាក់ និងគាំទ្រខ្ពស់បំផុតពីប្រជាជនកម្ពុជាជាង១៧លាននាក់ និងរាជរដ្ឋាភិបាលកម្ពុជា៕

To Top