ព័ត៌មានជាតិ

លោក ជុំ សុន្ទរី ៖ យោធាថៃរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ជាការពង្រីកជម្លោះចូលក្នុងតំបន់ប្រជាជនស៊ីវិល

ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា សកម្មភាពរំលោភបំពានរបស់កងកម្លាំងថៃមកលើអធិបតេយ្យភាពរបស់កម្ពុជាជាថ្មីម្តងទៀត នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺឆ្លុះបញ្ចាំងឲ្យឃើញពីការប៉ុនប៉ងដោយចេតនារបស់ថៃ ក្នុងការពង្រីកជម្លោះចូលទៅក្នុងតំបន់ប្រជាជនស៊ីវិល និងធ្វើឲ្យមានគ្រោះថ្នាក់បន្ថែមទៀតដល់បទឈប់បាញ់ ដែលកំពុងតែមានភាពផុយស្រួយ ។

លោកថា សកម្មភាពនេះផ្ទុយស្រឡះទៅនឹងកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ផងដែរ។ នេះជាការលើកឡើង របស់លោកក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅល្ងាច ទី២៦ ខែសីហា។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៥ ខែសីហា កងកម្លាំងយោធាថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ក៏ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ៕

To Top