ព័ត៌មានជាតិ

កម្ពុជា បញ្ជូនការតវ៉ាជាផ្លូវការ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅតំបន់ពលរដ្ឋកម្ពុជារស់នៅ

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជូនការតវ៉ាជាផ្លូវការ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សមភាគីថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅក្នុងតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅ។

នេះបេីយោងតាម សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ 

ផ្ទាំងពាណិជ្ជកម្ម

លេីសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យរាជរដ្ឋាភិបាលថៃ និងយោធាថៃ រក្សានូវស្ថានភាពមិនផ្លាស់ប្តូរ ដូចដែលមាននៅពេលបទឈប់បាញ់បានចូលជាធរមានចាប់ពីម៉ោង ២៤:០០ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ ចាត់វិធានការសមស្របដើម្បីទប់ស្កាត់កុំឱ្យមានការរំលោភបំពានស្រដៀងគ្នានេះ បន្ថែមទៀត ដោះស្រាយទំនាស់ព្រំដែនខាងលើតាមរយៈយន្តការ GBC និង JBC ព្រមទាំងគោរព យ៉ាងពេញលេញ និងដោយគ្មានលក្ខខណ្ឌចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចអន្តរជាតិ ទាំងអស់ ដែលរួមមានអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ បទឈប់បាញ់ដែលបានព្រម ព្រៀងគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំ ដែនទូទៅ នៅថ្ងៃទី៧ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំ ដែនភូមិភាគ រវាងកម្ពុជា និងថៃ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រំលឹកឡើងវិញនូវការប្តេជ្ញាចិត្តឥតប្រែប្រួល របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយស្មារតីមិត្តភាព ចំពោះជម្លោះ ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយបន្តរក្សាការ ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ប្រកាន់នូវជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរ តាមរយៈការប្រើកម្លាំងនោះទេ៕

To Top