កិច្ចប្រជុំ RBC ! កម្ពុជា-ថៃ ឯកភាពគ្នាក្នុងការរក្សា ទំនាក់ទំនងជាប្រចាំ និងខិតខំដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា

ភ្នំពេញ ៖ កិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃនេះ កម្ពជា បានឯកភាពគ្នា ក្នុងការរក្សាទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ និងខិតខំដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងការពារជាតិ បានជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ។
គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាន នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាន នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។

កិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានចាប់ផ្តើមនៅ ម៉ោង១១៖០០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១៖៥៣នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។
នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការរក្សាទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ និងខិតខំដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។
ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការ វិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕
