ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា ស្វាគមន៍លទ្ធផលវិជ្ជមាននៃកិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ នៅថ្ងៃពុធ ទី២៧ សីហា ២០២៥។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ។

កិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធ ភូមិភាគទី៤ និងជាសហប្រធាន នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាន នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC) ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហា ដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។

ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀត នៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាព ជាអ្នកជិតខាងល្អ ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវត្តជាវិជ្ជមាន និងវឌ្ឍនភាព ដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ៕

To Top