ព័ត៌មានជាតិ

គណៈកម្មាធិការ សទ្ធិមនុស្សកម្ពុជា ស្នើវិទ្យាស្ថាន សិទ្ធិមនុស្សស៊ុយអ៊ែត ពិនិត្យឡើងវិញ អំពីកិច្ចព្រមព្រៀង លក់យន្ដហោះចម្បាំង Gripen ដល់ថៃ

ភ្នំពេញ ៖ គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា បានស្នើដល់វិទ្យាស្ថាន សិទ្ធិមនុស្សស៊ុយអ៊ែត ឱ្យពិនិត្យមើលឡើងវិញ អំពីកិច្ចព្រមព្រៀង លក់យន្ដហោះចម្បាំង Gripen ដល់ប្រទេសថៃ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា នៅថ្ងៃទី២៨ សីហានេះ។

សំណើនេះធ្វើឡើងដោយ គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា ធ្លាប់បានកត់សម្គាល់ឃើញថា ស៊ុយអ៊ែត ជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងជាគម្រូផ្នែកសិទ្ធិមនុស្ស និងសន្ដិភាពក្នុងពិភពលោក។

ប៉ុន្ដែ ការឈានទៅដល់កិច្ចព្រមព្រៀង លក់យន្ដហោះចម្បាំង ឱ្យប្រទេសថៃ ក្នុងកាលៈទេសៈ ដែលកំពុងមានបញ្ហាព្រំដែន ជាមួយកម្ពុជានាពេលនេះ គណៈកម្មាធិការ សទ្ធិមនុស្សកម្ពុជា យល់ថា គឺជាកាយវិការមួយមិនសមស្រប និងអាច បង្កឱ្យមានហានិភ័យ និង គ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរឡើង ចំពោះប្រជាពលរដ្ឋស្លូតត្រង់ និងបូរណភាពទឹកដី របស់ប្រទេស កម្ពុជា ព្រមទាំងផ្ទុយនឹងស្មារតី នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាដើម ។

ផ្ទាំងពាណិជ្ជកម្ម

ផ្អែកលើកមូលដ្ឋានទាំងនេះ គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា បានស្នើដល់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអ៊ែត ឱ្យ ដូចជា ៖ ជំទាស់ដាច់ខាត នឹងកិច្ចព្រមព្រៀង លក់យន្ដហោះចម្បាំង ទៅឱ្យថៃ ក្នុងកាលៈទេសៈនេះ។ ជំរុញដល់រាជរដ្ឋាភិបាល ស៊ុយអែត ឱ្យពិនិត្យមើលកិច្ចព្រមព្រៀងនេះឡើងវិញ ដោយផ្អែកលើការវាយតម្លៃ ពីហានិភ័យផ្នែកសិទ្ធិមនុស្ស ។ គាំទ្ររាល់យន្ដការ ដោះស្រាយវិវាទដោយសន្ដិវិធី ជាជាងបង្កើនភាពតានតឹង ផ្នែកយោធា ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ សីហា រាជរដ្ឋាភិបាលថៃ បានចុះកិច្ចសន្យាទិញយន្តហោះចម្បាំង ប្រភេទ Gripen ផលិតដោយក្រុមហ៊ុនស៊ុយអែត SAAB ចំនួន៤គ្រឿង ដើម្បីយកមកជំនួសយន្តហោះចម្បាំង F-16 របស់ខ្លួន ដែលមានចំណាស់តាំងតែពីឆ្នាំ១៩៨០ ។ យន្តហោះចម្បាំងទាំង៤គ្រឿងនេះ មានតម្លៃទឹកប្រាក់ សរុប៤៨០លានអឺរ៉ូ ស្មើនឹងជាង៥០០លានដុល្លារ ៕

To Top