ការប្រឡងបាក់ឌុប នារសៀលថ្ងៃនេះ កំពុងចាប់ផ្តើមដំណើរការ

ភ្នំពេញ ៖ សកម្មភាពបេក្ខជន ចូលក្នុងមណ្ឌលប្រឡងនារសៀលថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅតាមមណ្ឌលប្រឡងនានា បេក្ខជន បានចូលក្នុងមណ្ឌលប្រឡង នៅគ្រប់រាជធានី-ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ឆែករកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិក យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ ។

ក្រសួងអប់រំអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវ សំណៅឯកសារនានា ឧបករណ៍អេឡិចត្រូនិក គ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត ។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ ៕

