លោក Marcos dos Reis da Costa ប្រសិទ្ធនាមសម្តេចតេជោ ថា ជាវីរបុរស ចំពោះថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ

ភ្នំពេញ៖ លោក Marcos dos Reis da Costa ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មី ប្រចាំកម្ពុជា បានប្រសិទ្ធនាមសម្តេចតេជោហ៊ុន សែន ថា ជាវីរបុរស ចំពោះថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ ។
ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥លោក Marcos dos Reis da Costa បានលើកឡើងថា រូបលោក មានកិត្តិយស ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា និងចូលរួមចំណែកបន្តកសាងនូវមិត្តភាព យូរអង្វែងរបស់ប្រទេសទាំងពីរ ទីម័រឡេស្តេ-កម្ពុជា។
ជាការឆ្លើតតប សម្តេចតេជោ បញ្ជាក់ថា សម្តេច គឺជាអ្នកសន្តិភាពនិយម ហើយជាក់ស្តែង បន្ទាប់ពីស្វែងរកបានសន្តិភាពពេលលេញ ជូនកម្ពុជា សម្តេច ក៏បានដាក់ចេញនូវគោលដៅពីរសំខាន់គឺប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ និងប្រែក្លាយព្រំដែន ជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ តួយ៉ាងព្រំដែនកម្ពុជាជាមួយ វៀតណាម និងឡាវជាដើម៕
