ព័ត៌មានជាតិ

នគរបាលព្រំដែន៨១៥ ឃាត់ជនជាតិថៃ និងភូមា ៨នាក់ លួចឆ្លងដែនចេញ-ចូលកម្ពុជា ដោយខុសច្បាប់

បន្ទាយមានជ័យ៖ នគរបាលការពារព្រំដែនគោក ៨១៥ សហការជាមួយកងកម្លាំងប្រដាប់អាវុធ តាមបន្ទាត់ព្រំដែន ទប់ស្កាត់បង្រ្កាបបាន នៅជនបរទេស ជាជនជាតិថៃ និងភូមា សរុបចំនួន៨នាក់ ដែលបានធ្វើសកម្មភាពផ្សេងគ្នាលួចឆ្លងដែនចេញ-ចូលកម្ពុជាដោយខុសច្បាប់ កាលពីយប់ និងទាបភ្លឺ ថ្ងៃទី៣១ សីហា២០២៥ ចំនុចជាប់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឱ្យដឹងថា ប្រតិបត្តិការបង្រ្កាបជនបរទេសនេះ ធ្វើឡើងជាពីរដំណាក់កាល ដោយដំណាក់កាលទី១ នៅយប់ម៉ោង១២ និង៣០នាទី ចូលថ្ងៃទី៣១សីហានេះ ដោយអនុវត្តន៍យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ជនជាតិថៃចំនួន០៣នាក់ (ស្រី០១នាក់) បម្រុងលួចឆ្លងដែន ចូលទៅប្រទេសថៃ ដោយខុសច្បាប់ និងម៉ូតូកង់បី០១គ្រឿង គ្មានស្លាកលេខ ដែលជនសង្ស័យបានដឹកជនជាតិថៃបន្សល់ទុកនៅកន្លែងកើតហេតុ (អ្នកបើកបរបានរត់គេចខ្លួនបាត់)ក្នុងភូមិសាស្ដ្រប៉ុស្ដិ៍ក្បាលទំនប់ ស្ថិតក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចម្ងាយពីអូរព្រំដែនប្រហែល៩០០ម៉ែត្រ។ ចំណែករណីទី២ ជនជាតិភូមាចំនួន០៥នាក់ ដែលលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ត្រង់ចំណុចភូមិសាស្ត្រ ប៉ុស្តិ៍ស្វាយព្រៃ ស្ថិតនៅក្នុងភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ផ្ទាំងពាណិជ្ជកម្ម

ក្រោយការឃាត់បានជនបរទេសទាំងជនជាតិថៃ និងភូមាខាងលើ ត្រូវបានកម្លាំងនគរបាលរដ្ឋបាលអូរស្រឡៅ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្តនីតិវិធីបន្ត។ ដូចការឃាត់ចាប់បានខាងលើ មិនថាពលករខ្មែរ ឬថៃ ឬជនបរទេសទេ គឺសុទ្ធតែលួចលាក់ឆ្លងទៅ ឆ្លងមក តាមព្រំដែនដោយខុសច្បាប់៕

អត្ថបទ៖ សុខ វិច្ឆ័យ / បន្ទាយមានជ័យ /ដើមអម្ពិល
រូបភាព៖ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥

To Top