ព័ត៌មានជាតិ

សម្តេចធិបតី៖ ការបន្តគាំទ្ររបស់ចិន ក្នុងគម្រោងព្រែកជីកហ្វូណនតេជោ ពិតជាមានសារៈសំខាន់ដ៏ធំធេញ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់ ដ៏ធំធេងរបស់មិត្តចិន ចំពោះការគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោងព្រែកជីកហ្វូណនតេជោ ខណៈប្រធានាធិបតីចិន លើកទឹកចិត្តឱ្យធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាបាន នូវការអនុវត្តគម្រោង ឱ្យបានទាន់ពេលវេលា។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមជាមួយ ប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការ សហប្រតិបត្តិការសៀងហៃបូក កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន ។

ក្នុងជំនួបនេះសម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះការរួមចំណែកដ៏យូរអង្វែង របស់ប្រទេសចិន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការពង្រីកបន្ថែមទៀត នូវពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ការពង្រីកខ្សែច្រវ៉ាក់ផ្គត់ផ្គង់ តាមរយៈការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ។

បន្ថែមលើនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ដ៏ធំធេង នៃការបន្តគាំទ្ររបស់ចិន ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា រួមទាំងគម្រោងព្រែកជីក និងគ្រប់គ្រងធនធានទឹកចំរុះហ្វូណនតេជោ ។

ជាការឆ្លើយតប លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ សហការសម្របសម្រួលគ្នា យ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការអនុវត្ត គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលរៀបចំរួចរាល់ ឱ្យបានទាន់ពេលវេលា សំដៅផ្តល់អត្ថប្រយោជន៍ជាក់ស្តែង ដល់ប្រជាជននៃប្រទេសទាំងពីរ៕

To Top