លោក ជា ធីរិទ្ធ ៖ សម្តេចតេជោ តែងតែផ្តល់តម្លៃ និងធ្វើទំនាក់ទំនងល្អ ជាមួយប្រទេសក្បែរខាង

ភ្នំពេញ ៖ មុនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ធ្វើដំណើរទស្សនកិច្ច នៅវៀតណាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យពាក្យព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សម្តេចតេជោតែងតែបានផ្តល់សារៈសំខាន់ក្នុងការធ្វើទំនាក់ទំនង និងផ្តល់តម្លៃដល់ប្រទេសក្បែរ ខាងជាប់ជានិច្ច។
លោក ជា ធីរិទ្ធបានប្រាប់ ក្រុមអ្នកសារព័ត៌មានថា សម្តេចតេជោបានផ្តល់តម្លៃខ្ពស់ ចំពោះបុណ្យឯករាជ្យជាតិ របស់វៀតណាម ព្រោះនេះជាកិច្ចខិតខំទាមទារឯករាជ្យ របស់វៀតណាមកាលពី៨០ឆ្នាំមុន ។

សម្រាប់ដំណើរ របស់សម្តេចតេជោទៅវៀតណាមនេះ អ្នកនាំពាក្យពាក្យព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះក៏ជាការផ្តល់សារៈសំខាន់នូវទំនាក់ទំនងទ្វេភាគី ដ៏ល្អរវាងកម្ពុជា និងវៀតណាម ។
ជាក់ស្តែងសម្តេចតេជោ បានផ្តល់សារៈសំខាន់ខ្លាំងណាស់ ចំពោះប្រទេសជិតខាង ដែលជាប្រទេសភូមិផងរបងតែមួយ ព្រោះចាប់តាំងពីថ្ងៃសម្តេចក្លាយជានាយករដ្ឋមន្រ្តី សម្តេចតែងតែផ្តល់តម្លៃក្នុងការធ្វើទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ។
លោកសង្កត់ធ្ងន់ថា “សម្តេចតេជោបានផ្តល់សារៈសំខាន់ណាស់ ទៅដល់ប្រទេសជិតខាង ដែលជាប្រទេសជាប់ភូមិផង របងជាមួយគ្នា ក្នុងគោលដៅ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក៏ដូចជាភាពអ្នកជិតខាងល្អ ដូចស្របទៅតាមស្មារតី នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយយូរអង្វែង” ។
សូមបញ្ជាក់ថា នេះជាទស្សនកិច្ចលើកទី៣ នៅក្នុងឆ្នាំ២០២៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត ពីថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកកម្ពុជា ចំពោះសារៈសំខាន់ នៃការកសាងភាពជឿទុកចិត្តគ្នា និងការពង្រឹងទំនាក់ទំនង មិត្តភាពដ៏ល្អប្រសើរជាមួយប្រទេសជិតខាង នៅគ្រប់កម្រិត និងគ្រប់វិស័យ ជាពិសេសរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងគោលដៅធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»៕
