ACU បន្តស្វែងរកយុត្តិធម៌ ជូនបេក្ខជន ប្រឡងបាក់ឌុប

ភ្នំពេញ ៖ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃ១ កញ្ញានេះ នៅតែបន្តដំណើរការ របស់ខ្លួនទៀត ដើម្បីស្វែងរកយុត្តិធម៌ ជូនដល់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ក្រោយមានព័ត៌មាន បែកធ្លាយវិញ្ញាសាគណិតវិទ្យា ។
យោងតាមសេចក្តីជូនដំណឹងរបស់ ACU នាថ្ងៃ១ កញ្ញានេះ បានឲ្យដឹងថា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយនៅបន្តការងារ រាប់ទាំងការប្រជុំបូកសរុប វាយតម្លៃ ការស្រាវជ្រាវពាក់ព័ន្ធព័ត៌មានថា មានការបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុប ។
បើតាម ACU មានបណ្តាញសង្គមចំនួន៦គណនី គឺគណនីTik Tok រស្មី កែវរដ្ឋា , គណនី Facebook ស្រី ម៉ុង តាល់ , គណនី Facebook ឃុន សុផានិត , គណនី Facebook គង់ សំណាង , គណនី Facebook ឡី សំបូរ , គណនី Facebook អ៊ុង ខេមរៈ និងគណនី Facebook សាយ សេងហ៊ង… ជាអ្នកឈានមុខ ជូនដំណឹងពីការសង្ស័យថា អាចមានការលេចធ្លាយវិញ្ញាសាប្រឡងបាក់ឌុប ហើយសំណូមពរក្រសួង អប់រំយុវជន និងកីឡា ស្រាវជ្រាវ បកស្រាយ និងដោះស្រាយ ដើម្បីជាយុត្តិធម៌ដល់បេក្ខជន បេក្ខនារី ។
ចំពោះករណីនេះទាំង ACU និងក្រសួង មានគោលបំណងដូចគ្នានឹងគោលបំណងបណ្តាញសង្គមខាងលើនេះ និងមិត្តភ័ក្របណ្តាញសង្គមផ្សេងទៀត ។ ប្រការនេះហើយទើបរួមគ្នាធ្វើការរឿងនេះដើម្បីបានដល់គោលដៅឆាប់រហ័ស ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេដែល ACUចុះស្រាវជ្រាវ ព្រោះតាំងពីថ្ងៃមានការផ្សព្វផ្សាយពីការបែកធ្លាយវិញ្ញាសារគណិតវិទ្យារួចមក នាថ្ងៃ៣០ សីហា ទាំង ACU និងក្រសួងអប់រំបានរូតរះនាំគ្នាចុះស្រាវជ្រាវភ្លាមៗផងដែរ ៕


