រដ្ឋមន្រ្តីសុខាភិបាល ៖ ការចែករំលែកព័ត៌មាន ជាចលករសំខាន់ ជំរុញការងារ ទទួលបានជោគជ័យ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការដឹកនាំគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈមចម្បងៗ ដំណោះស្រាយ និងជូនអនុសាសន៍ ទិសដៅបន្ទាប់នាថ្ងៃ២៩ សីហា បានលើកឡើងថា ការចែករំលែកព័ត៌មានទៅវិញទៅមក ជាប់ជាប្រចាំ គឺជាចលករសំខាន់ ក្នុងការជំរុញកិច្ចការងារ ឲ្យទទួលបានជោគជ័យ ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ ដល់ក្រុមការងារពាក់ព័ន្ធ និងដៃគូអភិវឌ្ឍទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក និងបានសម្តែងនូវការគាំទ្រយ៉ាងមុតមាំ និងលើកទឹកចិត្តឲ្យក្រុមការងារ បន្តកិច្ចសហការទៅមុខទៀត ដើម្បីប្រែក្លាយជាអត្ថប្រយោជន៍ដល់ប្រជាជន ជាពិសេសក្រុមប្រជាជនងាយរងហានិភ័យ ។

ជាមួយគ្នានេះសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនដល់អង្គប្រជុំដូចខាងក្រោម៖ចែករំលែកព័ត៌មានទៅវិញ ទៅមកជាប្រចាំ ព្រោះការចែករំលែកនេះ ជាចលករសំខាន់ ក្នុងការជម្រុញកិច្ចការងារ ឲ្យទទួលបានជោគជ័យ ដោយអាចដោះស្រាយរាល់បញ្ហា ប្រឈមទាំងឡាយ បានឆាប់រហ័ស ។ រៀបចំតារាងពិនិត្យ និងវិភាគវឌ្ឍនភាព និងបញ្ហាប្រឈម ដើម្បីឆ្លុះបញ្ចាំងពីសកម្មភាព ដែលបានអនុវត្តនិងសកម្មភាព ដែលត្រូវអនុវត្តបន្ត ។ អនុវត្ត សកម្មភាពអទិភាព ដោយភាពបត់បែន គ្រប់ជ្រុងជ្រោយ និងបុរេសកម្ម និងបង្កើតផែនទីគំនិត ដើម្បីរៀបចំផែនការអនុវត្ត និងដោះស្រាយបញ្ហាប្រឈម ដែលធ្វើឲ្យរាំងស្ទះដល់ការអនុវត្តគម្រោង៕









