ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ាក្រើនរំលឹកថ្នាក់ដឹកនាំ​ ផ្នែកសុខាភិបាល ពិនិត្យសមិទ្ធផលការងារ

ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល​បានក្រើនរំលឹកថា ថ្នាក់ដឹកនាំ ត្រូវពិនិត្យជាប់ជាប្រចាំ ចំពោះសមិទ្ធផលការងារ ដើម្បីវាយតម្លៃ វឌ្ឍនភាព និងរៀបចំផែនការយុទ្ធសាស្រ្តបន្ត រយៈពេលខ្លី វែង និងផែនការឆ្នាំបន្តបន្ទាប់ ឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ។

ជាកិច្ចចាប់ផ្តើមកិច្ចប្រជុំ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញការងារ និងទទួលបានលទ្ធផលល្អប្រសើរ។ សាស្រ្តាចារ្យ បានគូសបញ្ជាក់អំពីធនធានមនុស្សក្នុងអង្គភាព ដែលជាចំណែកដ៏សំខាន់ ជួយបង្កើនសមិទ្ធផលការងារឈានទៅសម្រេចបានលទ្ធផលល្អប្រសើរ នាំមកភាពចម្រើននៅក្នុងអង្គភាព ដោយឈរលើមូលដ្ឋានគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។ សាស្រ្តាចារ្យ បានណែនាំដល់ប្រធានអង្គភាព និងបុគ្គលិកទាំងអស់ ត្រូវជួយគ្នាសហការគ្នា ប្រឹងប្រែងរួមគ្នា ដោះស្រាយបញ្ហារួមគ្នា រកវិធីសាស្រ្ត ដើម្បីសម្រេចគោលដៅរួមគ្នា ក្នុងក្របខណ្ឌការងាររបស់ខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកនូវអនុសាសន៍ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់ថ្នាក់ដឹកនាំនិងប្រធានអង្គភាពនីមួយៗ ដើម្បីយកទៅពង្រឹង និងអភិវឌ្ឍអង្គភាពខ្លួន។ សាស្រ្តាចារ្យបន្ថែមថា អ្នកដឹកនាំអង្គភាពគ្រប់រូប ត្រូវមានចក្ខុវិស័យវែងឆ្ងាយ ផ្តោតលើគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាពការងារ និងចេះរៀបចំគម្រោង ដើម្បីអនុវត្តការងារឲ្យចំគោលដៅដែលចង់បាន និងស្របទៅតាមគោលនយោបាយរបស់ក្រសួង និងប្រមុខរាជរដ្ឋាភិបាល៕

To Top