រដ្ឋមន្ដ្រីក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យលើការងារសាងសង់ និងជួសជុលអគារសិក្សា ដែល រងផលប៉ះពាល់នៅតំបន់ព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ៖ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យលើការងារសាងសង់ និងជួសជុលអគារសិក្សាដែលរងផលប៉ះពាល់ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សាផ្លាស់ប្តូរ យោបល់ប្រមូលធាតុចូលដើម្បីកែលម្អ និងសម្រេចលើគម្រោងផែនការ ជួសជុលអគារសិក្សា ដែលរងការខូចខាតពីការវាយប្រហាររបស់ថៃ និង គម្រោងការសាងសង់អគាររឹងមាំស្តង់ដាក្រសួង ទន្ទឹមនេះក៏ត្រៀម សម្រាប់ការសាងសង់កន្លែង ប្រើប្រាស់បណ្ដោះអាសន្នដើម្បីសម្រួលដល់ដំណើររៀន និងបង្រៀនអំឡុងពេលសាងសង់ អគារសិក្សាស្តង់ដារឹងមាំ។

លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដូចជា៖ ១-ក្រុមការងារជំនាញចុះទៅពិនិត្យដោយផ្ទាល់ ដល់ទីតាំងជាក់ស្តែងដែលត្រូវសាងសង់ និងជួសជុល ដើម្បីស្វែងយល់ និងសិក្សា ឱ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ ពីតម្រូវការចាំបាច់ ដើម្បីជំរុញឱ្យដំណើរការជួសជុល និងសាងសង់ឆាប់ រហ័សតាមការគ្រោងទុក, ២-ត្រៀមឱ្យរួចជាស្រេច នូវប្លង់អគារសិក្សាស្តង់ដាក្រសួង និងការសាងសង់បណ្ណាល័យ បញ្ជីគម្រោងថវិកាសាងសង់ និងជួសជុល, ៣-រៀបចំការស្នើសុំគោលការណ៍ក្នុងការសាងសង់ និងជួសជុល ដើម្បីឱ្យទាន់ការបើកបវេសនកាល ,៤-ស្នើសុំការត្រួតពិនិត្យសុវត្ថិភាព និង ការបោសសំអាតមីន នៅតាមសាលារៀន ដែលរងប៉ះពាល់ ,៥-ក្នុងករណី ដែលមិនអាចដំណើរការ បានដោយសារស្ថានភាព នៅព្រំដែនមិនទាន់ មានស្ថិរភាព សូមរៀបចំជាយុទ្ធសាស្ត្របើកបវេសនកាលឆ្នាំសិក្សាថ្មី តាមតំបន់ទីទូលសុវត្ថិភាព ដែលអំណោយផលដល់ការរៀន និងបង្រៀន ,៦-រៀបចំរបាយការណ៍ស្តីពី ស្ថានភាពសាលារៀនដែលរងផលប៉ះពាល់ និងវិភាគរកដំណោះស្រាយ និងទីតាំងសម្រាប់ការបង្រៀនដែលសមស្រប ក៏ដូចជាតម្រូវការចាំបាច់ផ្សេងៗ ដើម្បីជួយដល់ដំណើរ ការរៀន និងបង្រៀន ,៧-រៀបចំផែនការយុទ្ធសាស្ត្រ ស្តារសាលារៀនឡើងវិញ តាមតំបន់ និងរៀបចំសេចក្តីណែនាំ សម្រាប់ការបើកបវេសកាលថ្មី នាដើមខែវិច្ឆកា ២០២៥ ខាងមុខនេះ៕
