ព័ត៌មានជាតិ

មហាវិថី ស៊ី ជីនពីង ចាប់ពីគ.ម២+៨០០ ដល់ផ្លូវជាតិលេខ១ ត្រូវបិទបណ្តោះអាសន្ន៣ឆ្នាំ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីការបិទចរាចរណ៍ យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្នលើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពីគ.ម២+៨០០ ដល់ផ្លូវជាតិលេខ១ ក្នុងរយៈពេល៣ឆ្នាំ ដោយសារគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។

សេចក្តីជូនដំណឹង របស់ក្រសួងបានឲ្យដឹងថា ក្រសួងបាន និងកំពុងអនុវត្តគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងផ្នែកខាងលិច នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។ ក្នុងអំឡុងពេល នៃការអនុវត្តគម្រោងសាងសង់នេះ កំណាត់មហាវិថី ស៊ី ជីនពីង ចាប់ពីផ្លូវបំបែកផ្លូវលេខ១១៦A (គ.ម២+៨០០) ដល់ផ្លូវជាតិលេខ១ ត្រូវបានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ វេលា ម៉ោង៧ព្រឹក តទៅរហូតដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨ ។

ផ្ទាំងពាណិជ្ជកម្ម

ដើម្បីឲ្យគម្រោងសាងសង់ ស្ពានប្រព្រឹត្តដោយរលូន ក្រសួងបានរៀបចំ ដើម្បីបង្វែរទិសចរាចរណ៍ជាបណ្តោះអាសន្ន ចេញពីទីតាំងខាងលើ តាមផែនទីបង្ហាញ ៖ ដោយប្រភេទយានយន្តធុនស្រាល អាចធ្វើចរាចរណ៍ តាមផ្លូវលេខ ១១៦ A ។ ប្រភេទយានយន្តធុនធ្ងន់ ត្រូវធ្វើចរាចរណ៍តាមផ្លូវលេខ ១២ A។ សម្រាប់ផ្លូវជាតិលេខ ១ ដែលទីតាំងគម្រោងឆ្លងកាត់ ការធ្វើចរាចរណ៍នៅរក្សាធម្មតា ៕

To Top