ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ​ពាក់ព័ន្ធករណី លួចដុតតូបលក់ដូរក្នុងផ្សារ

កណ្តាល ៖​ បន្ទាប់ពីទទួលបានព័ត៌មានថាមានករណី អគ្គីភ័យ កើតឡើង នៅចំណុចផ្សារកំពង់កន្ទួត ស្ថិតក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​ កម្លាំង កងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ ពន្លត់បាន១០០%។

កម្លាំងជំនាញ ចុះដល់កន្លែង ធ្វើការស្រាវជ្រាវ បានរកឃើញថា ករណីអគ្គីភ័យខាងលើ គឺបង្កដោយជនសង្ស័យ ០១នាក់ បានធ្វើការលួចដុត ហើយបានគេចខ្លួនបាត់ទៅ ។ ដោយមានការសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកណ្តាល និងព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយ ជំនាញស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវស្វែងរក និងឃាត់ខ្លួនជនសង្ស័យ បាននៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បញ្ជូនមកខេត្តកណ្តាល ដើម្បីធ្វើការសាកសួរ ។

សម្ភារ:ខូចខាត​រួមមាន​ តូបលក់ដូរក្នុងផ្សារ ចំនួន ០៤តូប៖ តូបលក់គ្រឿងក្រអូប ០១តូប, តូបលក់សម្លៀកបំពាក់ ០២តូប, តូបជាងទង ០១តូប និងសម្ភារ:ក្នុងតូបទាំងបួនជាច្រើន​ ។

ផ្ទាំងពាណិជ្ជកម្ម

សម្ភារៈដកហូតៈ ដែកកេះចំនួន០១ដើម, ម៉ូតូអាគុយ(កង់បួន)ចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

រាយការណ៍ដោយ/ រត្ន័ សុខជា /កណ្តាល/ដើមអម្ពិល

To Top