ភ្នំពេញ ៖ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា ចិន បានចាត់ទុកការគាំទ្រ របស់ប្រទេសចិន លើបទឈប់បាញ់កម្ពុជា-ថៃ គឺបានរំលេចយ៉ាងច្បាស់បន្ថែមទៀត ពីគុណតម្លៃ នៃសន្តិភាពដែលជាហ្សែន របស់ប្រជាជាតិកម្ពុជានិងចិន ។
ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជាចិន បានមានប្រសាសន៍ថា ប្រវត្តិសាស្រ្តជាកញ្ចក់ឆ្លុះឱ្យឃើញថា ទំនាក់ទំនងការទូតរយៈពេល៦៧ឆ្នាំ កន្លងមកនេះជាការបន្តនូវមរតក នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាង២ពាន់ឆ្នាំ ហើយដែលទំនាក់ទំនងកម្ពុជាចិន នេះបានរឹតបន្តឹងជាលំដាប់ពីមួយជំនាន់ទៅមួយជំនាន់ ។

លោកបញ្ជាក់ថា ជាក់ស្តែង ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ស៊ី ជីនពីង ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៥ បានរំលេចយ៉ាងច្បាស់បន្ថែមទៀត ពីគុណតម្លៃនៃសន្តិភាព ដែលជាហ្សែនរបស់ប្រជាជាតិយើងទាំងពីរ កម្ពុជានិងចិន។
លោកបញ្ជាក់ថាបែបនេះថា ៖ « ក្នុងនាមសង្គមស៊ីវិលមួយនៅកម្ពុជា ខ្ញុំយល់ថា ការគាំទ្រឥតងាករេរបស់ចិនដែលជាមិត្តដែកថែបរបស់កម្ពុជា បានក្លាយជាកតាលីករ កាន់តែខ្លាំងបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ដោយផ្តើមចេញពីក្រុម អ្នកសង្កេតការណ៍អាស៊ាន(AOT)ធានារកបានដំណោះស្រាយរួមមួយ ដោយនាំយក នូវភាតរភាពវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ នៃទំនាក់ទំនងល្អរវាងកម្ពុជានិងថៃ ។»
លោកស៊ីជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន បានបញ្ជាក់ជាថ្មី ពីជំហររបស់ចិន ក្នុងការគាំទ្របទឈប់បាញ់ រវាងកម្ពុជាថៃ គាំទ្រយន្តការ សង្កេតការណ៍បទឈប់បាញ់ របស់អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ហើយបង្កើតក្រុម អ្នកសង្កេតការណ៍ អាស៊ាន(AOT) ឲ្យបានឆាប់។
ការបញ្ជាក់បែបនេះ ក្នុងជំនួបជាមួយ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតនា និង លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការ សហប្រតិបត្តិការសៀងហៃបូក រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៥ ។
លោកប្រធានាធិបតី ក៏បានប្រកាសគាំទ្រ ដឹងផ្ដល់ជំនួយ មនុស្សធម៌ ដល់កម្ពុជាដើម្បី ជួយស្ដារឡើងវិញ នូវការខូចខាត នឹងជួយសម្រួលដល់ ទុក្ខលំបាក របស់ប្រជាពលរដ្ឋ រងគ្រោះពីការ ប៉ះទង្គិច ប្រដាប់អាវុធ កាលពីចុងខេត្តកក្កដា កន្លងទៅ៕
